កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បាននិយាយថា ការបង្កើនទណ្ឌកម្មពីអន្តរជាតិ កាន់តែខ្លាំង នឹងនាំឲ្យខ្លួនពន្លឿនកម្មវិធីនុយក្លេអ៊ែរបន្តទៀត ដែលការលើកទ្បើងយ៉ាងដូច្នេះ បានកើតទ្បើងបន្ទាប់ពីមេដឹកនាំអាមេរិក និងចិន បានព្រមព្រៀងគ្នាបង្កើនសម្ពាធទៅលើរបបរបស់លោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍មួយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងកាលពីថ្ងៃចន្ទថា «ការបង្កើនសម្ពាធ និងរឹតបន្តឹងទណ្ឌកម្មរបស់អាមេរិក មកលើកូរ៉េខាងជើង នឹងជំរុញល្បឿនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឆ្ពោះទៅមុខ»។
សូមជំរាបថា ក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិក ១៥ ប្រទេស បានសម្រេចបោះឆ្នោតជាឯកច្ឆន្ទ លើដំណោះស្រាយមួយ ដែលបានព្រាងឡើងដោយអាមេរិក ដើម្បីរឹតបន្តឹងការដាក់ទណ្ឌកម្មថ្មីមួយ ប្រឆាំងនឹងតេស្តសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដោយការព្យាយាមទប់ស្កាត់ប្រភពចំណូលនៃរបបមួយនេះ។
វិធានការថ្មីនេះ បានគាបសង្កត់ទីក្រុងព្យុងយ៉ាង ដោយបានកាត់បន្ថយនូវការនាំចូលប្រេងរបស់របបនេះ ព្រមទាំងហាមឃាត់រាល់ការនាំចេញវាយនភ័ណ្ឌ និងមិនអនុញ្ញាតឲ្យមានកិច្ចព្រមព្រៀងការងារថ្មី ឬបន្ថែម ជាមួយកម្មករកូរ៉េខាងជើងនៅក្រៅប្រទេសទ្បើយ៕

មតិយោបល់