អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើជម្រើសយោធា ប្រឆាំងទៅនឹងរបបក្រុងព្យុងយ៉ាង ដោយលោកលើកទ្បើងថា អាមេរិក នឹងវាយកម្ទេចប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសារ Aljazeera ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
ការថ្លែងរបស់លោកប្រធានាធិបតី ត្រាំ បានប្រតិកម្មទៅនឹងរបាយការណ៍គំរាមកំហែង របស់កូរ៉េខាងជើង ដែលបានចោទប្រកាន់ថា សម្ដីរបស់លោក គឺប្រៀបបានទៅនឹងការប្រកាសសង្រ្គាម ប្រឆាំងជាមួយកូរ៉េខាងជើង ហើយថាក្រុងព្យុងយ៉ាង មានសិទ្ធិចាត់វិធានការការពារខ្លួន ដោយការបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក បើទោះបីជាវា មិនបានហោះហើរចូលក្នុងដែនអាកាសកូរ៉េខាងជើងក៏ដោយ»
ថ្លែងនៅឯសេតវិមានកាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថា «យើងបានរៀបចំរួចជាស្រេច សម្រាប់ជម្រើសទី២ ខណៈវាមិនមែនជាជម្រើសដែលល្អនោះទេ ប៉ុន្តែប្រសិនបើយើងជ្រើសរើសយកនោះ វានឹងជាការបំផ្លិចបំផ្លាញ! ហើយខ្ញុំ (លោក ត្រាំ) អាចប្រាប់បានថា វាជាការបំផ្លិចបំផ្លាញទៅលើប្រទេសកូរ៉េខាងជើង»។
គួររំឭកថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើនឡើងចាប់តាំងពីកូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ ដ៏មានសក្ដានុពលបំផុតរបស់ខ្លួន ដែលបានឈានទៅដល់ការប៉ះទង្គិចវោហាសាស្ត្រ រវាងមេដឹកនាំមហាអំណាច និងកូរ៉េខាងជើងកាន់តែខ្លាំងទ្បើង ជាមួយនឹងការគំរាមកំហែង ព្រមទាំងការប្រមាថដាក់គ្នាទៅវិញទៅមក៕
មតិយោបល់