កូរ៉េៈ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃចន្ទនេះថា វិមានខៀវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នូវសកម្មភាពបង្កហេតុដ៏ជាក់លាក់មួយ ដោយការបាញ់មីស៊ីលពីសំណាក់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧។
ដកស្រង់សម្តីពីមន្ត្រីវិមានខៀវម្នាក់ បានឲ្យដឹងថា សញ្ញានៃការបង្កហេតុ ដោយគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ត្រូវបានគេរកឃើញនៅមុនថ្ងៃបុណ្យ Chuseok ជាថ្ងៃដែលសមាជិកក្នុងគ្រួសារកូរ៉េទាំងសងខាង បានជួបជុំគ្នាដើម្បីទទួលទានអាហាររួមគ្នា និងសំណេះសំណាលផ្តោះប្តូរយោបល់រវាងគ្នា។
មន្ត្រីរូបនេះ បានបញ្ជាក់ទៀតថា ក្រុងសេអ៊ូល កំពុងឃ្លាំមើលការផ្លាស់ប្តូរ ទីតាំងមីស៊ីលរបស់កូរ៉េខាងជើង នៅក្នុងពេលវេលាដ៏ជាក់លាក់មួយ។
ប្រភពដដែល បានអះអាងថា ទោះបីនៅពេលនេះ មិនទាន់មានសញ្ញានៃការបង្កហេតុណាមួយរបស់កូរ៉េខាងជើងក៏ដោយ ប៉ុន្តែសញ្ញានៃការបាញ់មីស៊ីលថ្មី អាចនឹងត្រូវធ្វើទ្បើងនាពេលឆាប់ៗខាងមុខ ខណៈដែលការផ្លាស់ទីតាំងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ត្រូវបានគេរកឃើញផងដែរ៕
មតិយោបល់