អាមេរិកៈ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីកំពុងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង របស់អាមេរិកក្នុងការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង អំទ្បុងពេលដែលប្រទេសចិនកំពុងជួយជ្រោមជ្រែង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ Fox Business Network លោកត្រាំ បាននិយាយថា វានឹងងាយស្រួលក្នុងការដោះស្រាយ បញ្ហានុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ប្រសិនបើអាមេរិក មានទំនាក់ទំនងល្អជាមួយរុស្ស៊ី។
ដោយលោក ត្រាំ បានបញ្ជាក់ថា «ទាក់ទងនឹងស្ថានការណ៍កូរ៉េខាងជើង ចិនកំពុងជួយដល់យើង ខណៈដែលរុស្ស៊ីអាចនឹងមានគោលនយោបាយផ្សេង ដែលធ្វើឲ្យប៉ះពាល់ដល់អ្វី ដែលយើងកំពុងទទួលបាន»។
សូមជំរាបថា ការបាញ់សាកល្បងអាវុធជាបន្តបន្ទាប់ ពីសំណាក់ក្រុងព្យុងយ៉ាង បូករួមនិងសង្គ្រាមពាក្យសម្ដីរវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងទ្បើង នៅលើឧបទ្វីបកូរ៉េ៕
មតិយោបល់