ព័ត៌មានអន្តរជាតិ

ប្រធានាធិបតិអាមេរិក ប្រាប់ឲ្យកូរ៉េខាងជើងចូលមកអង្គុយតុចរចា ខណៈខ្លួនរៀបចំបង្កើនកម្លាំងយោធា នៅតំបន់កំពុងមានជម្លោះ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងជើងត្រូវតែសម្រេចកិច្ចព្រមព្រៀងមួយ ជាមួយអាមេរិក ស្តីពីការបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយលោកនឹងទទួលយកការសម្រុះសម្រួល ជាមួយក្រុងព្យុងយ៉ាង បន្ទាប់ពីមានការគំរាមកំហែងដាក់គ្នា អស់រយៈជាច្រើនខែកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

អំទ្បុងពេលនៃការអត្ថាធិប្បាយរបស់លោក ត្រាំ កាលពីថ្ងៃអង្គារនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង លោកបានលើកទ្បើងនូវការស្នើ របស់ខ្លួនជាលើកដំបូង ទៅកាន់មេដឹកនាំក្រុងព្យុងយ៉ាង ដើម្បីមកអង្គុយចុះ និងធ្វើកិច្ចចរចាជាមួយគ្នា ខណៈលោកក៏បានបញ្ជាក់ដែរថា ការបង្កើនយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងការរៀបចំគម្រោងផែនការ ដើម្បីប្រើវារបស់លោក គឺក្នុងករណីប្រសិនបើចាំបាច់តែប៉ុណ្ណោះ។

សូមជំរាបថា សម្ភារយោធាទាំងនោះ រួមមាននាវាចម្បាំងផ្ទុកយន្តហោះអាមេរិកចំនួន៣ គ្រឿង បានរួមគ្នាដើម្បីធ្វើសមយុទ្ធសង្រ្គាម នៅចុងខែនេះ ក៏ដូចជានាវាមុជទឹកនុយក្លេអ៊ែរ ដែលកំពុងមានវត្តមាននៅទីតាំងនោះរួចជាស្រេច។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា វាពិតជាសមហេតុផលបំផុត សម្រាប់កូរ៉េខាងជើង ក្នុងការចូលមកអង្គុយតុចរចា ដើម្បីធ្វើកិច្ចព្រមព្រៀងមួយ ដែលល្អសម្រាប់ប្រជាជនកូរ៉េខាងជើង និងពិភពលោកផងដែរ៕

មតិយោបល់