ព័ត៌មានអន្តរជាតិ

លោក ត្រាំ ព្រមានកូរ៉េខាងជើងកុំឲ្យមើលស្រាលអាមេរិក ឬគិតចង់សាកល្បងនឹងក្រុងវ៉ាស៊ីនតោនឲ្យសោះ

អាមេរិកៈ នៅក្នុងសុន្ទរកថាមួយ មុនពេលកិច្ចប្រជុំរដ្ឋសភាកូរ៉េខាងត្បូង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកូរ៉េខាងជើងថា កុំឲ្យមើលស្រាលអាមេរិក ឬគិចចង់សាកល្បងជាមួយខ្លួននោះ ខណៈរូបលោក បាននិយាយថា អាមេរិកនឹងការពារសន្តិសុខ ក៏ដូចជាស្ថេរភាពនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងនោះលោក ត្រាំ ក៏បានអំពាវនាវឲ្យកូរ៉េខាងជើង បោះបង់មហិច្ឆតាផលិតអាវុធប្រល័យរបស់ខ្លួនចោលផងដែរ ដោយលោកបានបញ្ជាក់ថា ការបង្កហេតុនុយក្លេអ៊ែរ ពីសំណាក់ក្រុងព្យុងយ៉ាងបន្ថែមទៀត នឹងនាំឲ្យប្រទេសនេះជួបគ្រោះថ្នាក់។ យ៉ាងណាមិញលោក ត្រាំ ក៏បានជៀសវាងនូវការថ្លែងគំរាមកំហែងដល់កូរ៉េខាងជើង ដែលនាំបង្កឲ្យមានជម្លោះផងដែរ ដោយលោកបានចង្អុលបង្ហាញថា ជម្រើសការទូត គឺនឹងអាចដោះស្រាយវិបត្តិនេះបាន។

លោក ត្រាំ បានប្រាប់សមាជិកសភាកូរ៉េខាងត្បូងនៅថ្ងៃពុធនេះថា «អាវុធដែលកូរ៉េខាងជើង កំពុងស្វែងរកនោះ មិនអាចឲ្យប្រទេសនេះ មានសុវត្ថិភាពនោះទេ ខណៈដែលពួកគេ កំពុងដាក់របបដឹកនាំខ្លួនឲ្យស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ហើយរាល់ជំហានរបស់ពួកគេ កំពុងដើរទៅរកផ្លូវងងឹត ដែលបង្កើនគ្រោះថ្នាក់ដល់ខ្លួនឯង»។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ត្រាំ បានព្រមានកូរ៉េខាងជើងថា អាមេរិកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើកម្លាំងយោធា ប្រសិនបើចាំបាច់ ហើយបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចូលរួមជាមួយកងកម្លាំងខ្លួន ដើម្បីកម្ចាត់របបដឹកនាំដ៏ឃោរឃៅនេះ ដោយការបដិសេធមិនធ្វើពាណិជ្ជកម្ម ជាមួយក្រុងព្យុងយ៉ាង៕

មតិយោបល់