បរទេសៈ កងកម្លាំងទាហានចិន និងអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីជួយសង្គ្រោះផ្នែកមនុស្សធម៌ និងគ្រោះមហន្តរាយ ក្នុងទីក្រុង Portland របស់រដ្ឋ Oregon ស្ថិតនៅលើឆ្នេរសមុទ្រភាគខាងលិចអាមេរិក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
សមយុទ្ធនេះ បានធ្វើទ្បើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ដែលនឹងប្រព្រឹត្តទៅបីដំណាក់កាល នៅក្នុងទីក្រុង Portland ដោយរយៈពេល ៣ថ្ងៃដំបូង គឺផ្តោតទៅលើការផ្លាស់ប្តូរយោបល់គ្នា ចំណែកឯបួនថ្ងៃចុងក្រោយ គឺពិភាក្សាគ្នាមុនពេលធ្វើសមយុទ្ធ និងការអនុវត្តសមយុទ្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត។
នៅក្នុងដំណាក់កាលទាំងនោះ តំណាងភាគីទាំងពីរ នឹងបង្កើតមជ្ឈមណ្ឌលសម្របសម្រួលពហុជាតិ ដើម្បីធ្វើសកម្មភាពជួយសង្គ្រោះផ្នែកមនុស្សធម៌ និងគ្រោះមហន្តរាយ រួមទាំងកិច្ចសហប្រតិបត្តការជាច្រើនទៀត សម្រាប់ជួយដល់ប្រទេសទីបី។
សូមជំរាបថា សកម្មភាពទាំងនេះ នឹងត្រូវអនុវត្តតាមគោលការណ៍ស្តង់ដារ សម្រាប់ការជួយសង្គ្រោះ និងជម្លៀស ដោយក្រុមកងទ័ពចម្រុះ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕
មតិយោបល់