កូរ៉េៈ សារព័ត៌មានកូរ៉េខាងជើងមួយ បានវាយប្រហារប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយប្រើពាក្យសម្ដីតិះដៀលយ៉ាងខ្លាំង ព្រមទាំងបានផ្តន្ទាទោសស្លាប់ដល់លោកទៀតផង បន្ទាប់ពីការប្រមាថដល់សេចក្តីថ្លៃថ្នូររបស់មេដឹកនាំកំពូល គឺលោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មាន Sputnit ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
វិចារណកថានេះ បានចេញផ្សាយនៅទំព័រកាសែតផ្លូវការមួយ របស់គណបក្សពលករ ដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើង ឈ្មោះថា Rodong Sinmun ក្រោយពីការបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ១២ ថ្ងៃរបស់លោក ត្រាំ នៅតំបន់អាស៊ី ដោយបានតិះដៀលប្រធានាធិបតីអាមេរិកថា ជាទាសករកញ្ចាស់ម្នាក់ ដែលហ៊ានលើកម្រាមដៃចង្អុល ទៅលើព្រះអាទិត្យ និងថាលោកគ្រាន់តែជាឧក្រិដ្ឋជនដ៏អាក្រក់ម្នាក់ ដែលត្រូវបានប្រជាជនកូរ៉េ កាត់ទោសប្រហារជីវិតប៉ុណ្ណោះ។
ដោយប្រជាជនកូរ៉េ នឹងចាត់ទុកមុខរបស់លោក ត្រាំ ថាជានិមិត្តរូបជ្រុលនិយមរបស់អាមេរិក ដែលជាគោលដៅនៃការសងសឹកគ្មានប្រណី ខណៈអះអាងថា ពួកគេនឹងបញ្ជូនលោកទៅឋាននរកជាកន្លែងដែលលោកចូលចិត្តខ្លាំងបំផុត។
ប្រភពដដែល បានចោទប្រកាន់លោក ត្រាំ ថាជាមនុស្សចាស់ឆ្កួត ដែលបោកប្រាស និងមិនគោរពដល់អធិបតេយ្យភាព រួមទាំងបូរណភាពរបស់គេ ដែលនាំមានការបំបែកប្រទេសកូរ៉េទាំងពីរ៕
មតិយោបល់