អាមេរិកៈ មេបញ្ជាការអាវុធនុយក្លេអ៊ែរកំពូលម្នាក់របស់អាមេរិក បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកនឹងតស៊ូប្រឆាំងនឹងប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រសិនបើរដ្ឋបាលលោក បញ្ជាឲ្យមានការវាយប្រហារអាវុធនុយក្លេអ៊ែរ ខុសច្បាប់មែននោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ឧត្តមសេនីយ៍លោក John Hyten ជាមេបញ្ជាការកម្លាំងយុទ្ធសាស្ត្រ (STRATCOM) ដែលគ្រប់គ្រងលើអាវុធនុយក្លេអ៊ែររបស់អាមេរិកទាំងអស់ បានថ្លែងនៅឯវេទិកាសន្តិសុខអន្តរជាតិ Halifax នៅខេត្ត Nova Scoti របស់ប្រទេសកាណាដាថា លោកបានគិតយ៉ាងច្រើន នៅក្នុងករណីប្រសិនបើលោក ទទួលបានបញ្ជាបែបនោះមែន។
ដោយលោក Hyten បាននិយាយថា បញ្ជានោះ នឹងត្រូវច្រានចោល បើសិនវាជាបញ្ជាខុសច្បាប់ ខណៈលោកបាបញ្ជាក់ថា កងទ័ពមិនមែនចាំតែអង្គុយស្ដាប់តាមបញ្ជាប្រធានាធិបតីនោះទេ។
សូមជំរាបថា នៅសប្ដាហ៍នេះ ព្រឹទ្ធសភាអាមេរិកបានជជែកដេញដោលគ្នាយ៉ាងខ្លាំង ស្ដីពីសិទ្ធិធ្វើសង្គ្រាមនុយក្លេអ៊ែររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅឯវិមានកាពីតូល ខណៈដែលភាពតានតឹងជាមួយកូរ៉េខាងជើង ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរកាន់តែក្ដៅគគុក៕


មតិយោបល់