ព័ត៌មានអន្តរជាតិ

ចិន សម្ដែងការសោកស្តាយ ចំពោះភាពតានតឹងឡើងវិញ នៅលើឧបទ្វីបកូរ៉េ

ចិនៈ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃចន្ទនេះ បាននិយាយថា បន្ទាប់ពីការស្ងប់ស្ងាត់អស់រយៈពេលពីរខែ នៅលើឧបទ្វីបកូរ៉េកន្លងមកនេះ ភាពតានតឹងជាថ្មីបានកើតឡើងវិញ ដែលវាជារឿងមួយ ដ៏គួរឲ្យសោកស្តាយបំផុត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ៤ ខែធ្នូ ឆ្នាំ២១៧។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯសន្និសីទរួមគ្នាមួយ ជាមួយសមភាគីម៉ុងហ្គោលី លោក វ៉ាង បាននិយាយថា ក្រុងប៉េកាំងបានបើកចំហចំពោះដំណោះស្រាយ ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង ប៉ុន្តែភាគីដែលពាក់ព័ន្ធទាំងអស់ ក៏គួរតែមានការពិគ្រោះយោបល់គ្នាផងដែរ។

សូមជំរាប់ថា កាលពីចុងខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ ដ៏មានអនុភាពរបស់ខ្លួន ដោយវាបានជំរុញឲ្យរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្វែងរកវិធានការ ដើម្បីដោះស្រាយ ជាមួយប្រទេសនុយក្លេអ៊ែរមួយនេះ។

គណៈកម្មាធិការសម្រាប់ការបង្រួបបង្រួមជាតិរបស់កូរ៉េខាងជើង ដែលធ្លាប់បានហៅលោក ត្រាំ ថា ជាមនុស្សឆ្កួតនោះ បាននិយាយកាលពីថ្ងៃអាទិត្យថា សមយុទ្ធតាមផ្លូវអាកាស រវាងអាមេរិក និងកូរ៉េខាងត្បូង ដែលកំពុងធ្វើទ្បើងនៅពេលនេះ នឹង រុញច្រានស្ថានការណ៍នៅលើឧបទ្វីបកូរ៉េឲ្យផុយស្រួយ ដែលឈានទៅរកសង្គ្រាមនុយក្លេអ៊ែរ៕

មតិយោបល់