វៀតណាមៈ ក្រុមអាជ្ញាធរវៀតណាម បានរៀបចំជម្លៀសប្រជាជន ១ លាននាក់ ចេញពីតំបន់ទំនាបនៅតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងត្បូងប្រទេសកាលពីថ្ងៃចន្ទ ខណៈព្យុះទីហ្វុងនឹងខិតចូលមកដល់ បន្ទាប់ពីវាបានវាយប្រហារនៅហ្វីលីពីន សម្លាប់មនុស្សជាង ២៣០ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។
ព្យុះត្រូពិកធិមប៊ិន( Tembin ) ត្រូវបានគេរំពឹងថា នឹងបន្តដំណើរវាយលុកចូលក្នុងប្រទេសវៀតណាម បន្ទាប់ពីវាបានបង្កជាគ្រោះទឹកជំនន់ និងការបាក់ដី នៅប្រទេសហ្វីលីពីនមុនថ្ងៃបុណ្យណូអែល។
គណៈកម្មាធិការបង្ការគ្រោះមហន្តរាយវៀតណាម បាននិយាយថា មនុស្ស ៧៤.០០០ នាក់ ត្រូវបានបញ្ជូនទៅកាន់ទីសុវត្ថិភាពពីតំបន់ ដែលងាយរងគ្រោះ ខណៈអាជ្ញាធរនៅក្នុងខេត្ត និងក្រុងចំនួន ១៥ បានរៀបចំជម្លៀសប្រជាជនជាងមួយលាននាក់ ចេញពីលំនៅដ្ឋានរបស់ពួកគេ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលក៏បានបញ្ជាឲ្យកប៉ាល់នានា ត្រូវបង្ការការប្រុងប្រយ័ត្ន និងបានព្រមានថា ទូកនេសាទប្រមាណ ៦២.០០០ គ្រឿង មិនគួរធ្វើដំណើរទៅសមុទ្រនោះទេ៕
មតិយោបល់