ព័ត៌មានអន្តរជាតិ

បេកសជនកំពូលទទួលបន្ទុកនុយក្លេអ៊ែរកូរ៉េខាងត្បូង និងជប៉ុន ពិភាក្សាបញ្ហានុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ

កូរ៉េៈ បេសកជនកំពូលទទួលបន្ទុកនុយក្លេអ៊ែរ ដែលតំណាងឲ្យកូរ៉េខាងត្បូង និងជប៉ុន នៅឯកិច្ចចរចាលើកទី៦ សម្រាប់ការពិភាក្សាជុំវិញការលុបបំបាត់បញ្ហានុយក្លែអ៊ែរ នៅលើឧបទ្វីបកូរ៉េ បានជួបប្រជុំគ្នាក្នុងទីក្រុងសេអ៊ូល នៅថ្ងៃចន្ទនេះ បន្ទាប់ពីមានសញ្ញាវិជ្ជមាននៃទំនាក់ទំនងអន្តរកូរ៉េ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។

លោក Lee Do-hoon អ្នកតំណាងពិសេសរបស់កូរ៉េខាងត្បូង សម្រាប់កិច្ចការសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ បានជួបពិភាក្សាជាមួយសមភាគីជប៉ុន លោក Kenji Kanasugi ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ពង្រឹងកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបង្កើតដំណោះស្រាយ ដោយសន្តិវិធីទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ។

ដោយលោក Lee និងលោក Kanasugi បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើវិធីសាស្ត្រ ដើម្បីលើកទឹកចិត្តឲ្យកូរ៉េខាងជើង ចូលមកតុចរចា ខណៈដែលស្ថានការណ៍នៅលើឧបទ្វីប កំពុងមានស្ថិរភាព។

សូមជំរាបថា កិច្ចប្រជុំនេះ បានកើតឡើងមុនពេលកិច្ចពិភាក្សាកម្រិតខ្ពស់រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលត្រូវបានគេគ្រោងធ្វើនាថ្ងៃអង្គារ នៅតំបន់ព្រំដែនគ្មានយោធា ក្នុងភូមិ Panmunjom៕

មតិយោបល់