ជប៉ុនៈ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃសុក្រនេះ បាននិយាយថា លោកចង់ប្រាប់ទៅកាន់ពិភពលោកថា កិច្ចសហប្រតិបត្តិការរវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការគំរាមកំហែងរបស់កូរ៉េខាងជើង គឺនៅតែរឹងមាំដដែល។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក អាបេ ដែលគ្រោងនឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃសុក្រនេះ ក៏បាននិយាយផងដែរ អំពីកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ២០១៥ ពាក់ព័ន្ធនឹងស្ត្រីបម្រើផ្លូវភេទ ដែលស្ត្រីកូរ៉េជាច្រើននាក់ ត្រូវបានគេបង្ខំឲ្យទៅធ្វើការ នៅផ្ទះបនយោធាជប៉ុន ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២ ដោយការលើកទ្បើងរបស់លោក គឺមានបំណងស្ដារទំនាក់ទំនងប្រទេសទាំងពីរ ឲ្យមានភាពប្រសើរទ្បើងនាពេលអនាគត។
សូមជំរាបថា ក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៥ បាននាំឲ្យរដ្ឋាភិបាលជប៉ុន ធ្វើការសុំអភ័យទោស ចំពោះអតីតស្ត្រីបម្រើផ្លូវភេទកូរ៉េ និងបានផ្តល់មូលនិធិចំនួន ៩លានដុល្លារអាមេរិក ដើម្បីជួយដល់ពួកគេ ប៉ុន្តែកូរ៉េខាងត្បូង បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ មិនបានបំពេញតាមតម្រូវការរបស់ជនរងគ្រោះនោះទេ ដោយអំពាវនាវឲ្យមានចំណាត់ការបន្ថែមទៀត៕
មតិយោបល់