អធិការបតីអាឡឺម៉ង់លោកស្រី Angela Merkel បានថ្លែងថា អឺរ៉ុបមិនអាចពឹងផ្អែកទាំងស្រុងលើសម្ព័ន្ធមិត្តអាមេរិក និងអង់គ្លេសយូរទៀតទេ បន្ទាប់ពីការបោះឆ្នោតរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងដំណើរការ Brexit។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។
លោកស្រី Merkel បាននិយាយថា «ខ្លួនចង់បានទំនាក់ទំនងជាមិត្តជាមួយប្រទេសទាំងពីរ ព្រមទាំងរុស្ស៊ីផងដែរ ប៉ុន្តែឥឡូវនេះ អឺរ៉ុប គឺចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំង ចំពោះវាសនាផ្ទាល់ខ្លួន»។
ការថ្លែងរបស់លោកស្រី Merkel បានធ្វើទ្បើងបន្ទាប់ពីលោក ត្រាំ បានបដិសេធមិនព្រមអនុវត្តកិច្ចព្រមព្រៀង អាកាសធាតុ នៅទីក្រុងប៉ារីសកាលពីឆ្នាំ ២០១៥ ទ្បើងវិញ នៅឯជំនួបកំពូល G7 ។
លោកស្រី Merkel បានប្រាប់ទៅកាន់ហ្វូងមនុស្ស នៅឯកិច្ចប្រជុំបោះឆ្នោតមួយ ក្នុងទីក្រុង Munich ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ថា «ដោយផ្អែកលើបទពិសោធ ដែលខ្ញុំបានទទួលកន្លងមកនៅរយៈពេលពីរបីថ្ងៃនេះ ពេលវេលាដែលយើងអាចពឹងផ្អែកទាំងស្រុង ទៅលើអ្នកដទៃ គឺកំពុងស្ថិតនៅលើផ្លូវត្រូវចាកចេញហើយ»។
ក្នុងនោះលោកស្រី Merkel បានបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងប៊ែកឡាំង និងប្រធានាធិបតីបារាំងថ្មីលោក Emmanuel Macron បានក្លាយទៅជាអាទិភាពមួយ ដោយលោកស្រី បានបន្ថែមថា «អឺរ៉ុបយើងត្រូវធ្វើការកំណត់ជោគវាសនា នៅក្នុងដៃរបស់យើងដោយផ្ទាល់»៕

មតិយោបល់