ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន រំពឹងទុកថា នឹងទទួលបានការផ្គត់ផ្គង់អាវុធពីអាមេរិក នាពេលឆាប់ៗខាងមុខ

អ៊ុយក្រែនៈ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានប្រកាសកាលពីថ្ងៃពុធថា នឹងមានការប្រគល់អាវុធ ជាលើកដំបូងពីសំណាក់សហរដ្ឋអាមេរិក មកកាន់ប្រទេសខ្លួន ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងសន្និសីទកាសែតមួយនៅទីក្រុង Kiev លោក Poroshenko បាននិយាយថា «ការផ្គត់ផ្គង់នេះ នឹងជួយកាត់បន្ថយការស្លាប់ និងរបួស សម្រាប់កងទ័ពអ៊ុយក្រែន ដែលចូលរួមប្រយុទ្ធ ក្នុងជម្លោះជាមួយក្រុមឧទ្ទាមឯករាជ្យ ស្ថិតនៅភាគខាងកើតនៃប្រទេស។

ដោយលោកបានអះអាងថា នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ អ៊ុយក្រែនសង្ឃឹមថា នឹងទទួលបានមធ្យោបាយ សម្រាប់ការប្រយុទ្ធជាលក្ខណៈបែបអេឡិចត្រូនិក និងឧបករណ៍ការពារអាកាសពីសហរដ្ឋអាមេរិក។

កាលពីខែធ្នូឆ្នាំមុន ក្រសួងការបរទេសអាមេរិក បានប្រកាសថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងផ្គត់ផ្គង់អាវុធទំនើបៗ ដល់អ៊ុយក្រែន ដើម្បីធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពការពារជាតិ។

សូមជំរាប់ថា វិធានការរបស់អាមេរិកនេះ បានធ្វើឲ្យមានការខឹងសម្បារពីរុស្ស៊ីយ៉ាងខ្លាំង ដោយបានលើកទ្បើងថា វានឹងនាំទៅរកការបង្ហូរឈាមថ្មី ក្នុងប្រទេសអ៊ុយក្រែន ស្ថិតនៅភាគខាងកើតតំបន់ Donbas បន្ទាប់ពីមានជម្លោះប្រដាប់អាវុធជិត ៤ ឆ្នាំកន្លងមក៕

មតិយោបល់