ព័ត៌មានអន្តរជាតិ

កម្រមានណាស់ក្នុងពិភពលោក !!! ចាញ់ឆ្នោតហើយមិនព្រមចុះចេញពីតំណែង បែរជាដេញអ្នកជាប់ឆ្នោតចេញពីប្រទេស​

ហ្គំប៊ី​: លោក Adama Barrow ដែលជាប្រធានាធិបតី​ជាប់​ឆ្នោត​ប្រទេសហ្គំប៊ី បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ស្ថានទូត​ហ្គំប៊ី ​ក្នុង​ប្រទេស​សេណេហ្គាល់​ ជា​ប្រទេស​ជិតខាង ខណៈ​ដែល​មេដឹកនាំ​ផ្តាច់ការដ៏យូរ ក្នុងប្រទេសហ្គំប៊ី លោក Yahya Jammeh មិន​ព្រម​ចុះចេញ​ពី​តំណែង បែរជាដេញអ្នកជាប់ឆ្នោត ចេញពីប្រទេស ។ នេះបើយោងតាមរយៈសារព័ត៌មានអង់គ្លេស BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

លោក Barrow បាន​និយាយ​នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​នេះ​ថា នេះ​គឺ​ជា​ថ្ងៃ​មួយ​ ដែល​ប្រជាពលរដ្ឋ​ហ្គំប៊ី​នឹង​មិន​អាច​បំភ្លេច​បាន​ទេ​ក្នុង​មួយ​ជីវិត ដែលពិធី​ស្បថ​ចូល​កាន់​តំណែង​នេះ កាល​ពី​ដើមឡើយ​គ្រោង​នឹង​ធ្វើ​ឡើង​ក្នុង​រដ្ឋធានី Banjul នៃ​ប្រទេស​ហ្គំប៊ី ហើយក៏ជា​លើក​ទី​មួយដែរ ​ចាប់​តាំង​ពី​ប្រទេស​នេះ ​ទទួល​បាន​ឯករាជ្យ​ ក្នុង​ឆ្នាំ១៩៦៥ ​ហើយ​បាន​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​របស់​ខ្លួន​ តាមរយៈ​ការបោះឆ្នោត។

លោក Jammeh ដែលជាអ្នក​ធ្លាប់បាន​ប្តេជ្ញា​ថា ​នឹង​គ្រប់គ្រង​ប្រទេស​នេះ ​រយៈពេល​១​ពាន់​ឆ្នាំនោះ ដំបូងទ្បើយបាន​យល់​ព្រម​ទទួល​យក​លទ្ធផល​ចាញ់​ឆ្នោត​ ប៉ុន្តែ​ក្រោយ​មក​លោក​បាន​ប្ដូរ​ចិត្ត ដោយ​ចោទ​ថា​ មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​ការបោះឆ្នោតទៅវិញ។

សូមជំរាបថា លោក Barrow បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ២០១៦៕

លោក Yahya Jammeh

លោក Adama Barrow

មតិយោបល់