ព័ត៌មានអន្តរជាតិ

លោក ត្រាំ អះអាងថា ការដោះស្រាយវិបត្តិនៅកូរ៉េខាងជើង គឺស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយ

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបាននិយាយថា វិបត្តិនុយក្លេអ៊ែរនៅកូរ៉េខាងជើង នឹងជាផ្លូវដ៏វែងឆ្ងាយមួយ ដែលត្រូវធ្វើការដោះស្រាយ។ នេះបើយោងតាមសារព័ត៌មាន​ Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។

ការធ្វើកត់សម្គាល់យ៉ាងដូច្នោះ បានកើតទ្បើងមួយថ្ងៃក្រោយមេដឹកនាំកំពូលកូរ៉េខាងជើង បានប្ដេជ្ញាបញ្ចប់ការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន នៅមុនពេលកិច្ចប្រជុំកំពូល ជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនាពេលខាងមុខ។

លោក ត្រាំ បាននិយាយនៅលើប្រព័ន្ធសង្គម Twitter ថា «យើងកំពុងស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយ សម្រាប់ធ្វើការសន្និដ្ឋានលើកូរ៉េខាងជើង ហើយអ្វីៗក៏ប្រហែលជានៅក្រៅគោលដៅ ដែលរំពឹងទុក ខណ:ដែលពួកគេ (កូរ៉េខាងជើង) ប្រហែលជាមិនឈប់វានោះទេ ដោយគ្រាន់តែនិយាយឲ្យរួចពីមាត់តែប៉ុណ្ណោះ»។

សូមជំរាបថា កាលពីថ្ងៃសៅរ៍ កូរ៉េខាងជើង បាននិយាយថា ក្រុងព្យុងយ៉ាង នឹងផ្អាកការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីល ព្រមទាំងបិទទីតាំងសាកល្បងវាផងដែរ ដោយជំនួសមកវិញ គឺការបន្តកំណើនសេដ្ឋកិច្ច និងសន្តិភាព៕

មតិយោបល់