កូរ៉េ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន បានសន្យាថានឹងរុះរើកន្លែងសាកល្បងនុយក្លេអ៊ែររបស់ខ្លួន ដែលនៅជិតព្រំដែនចិន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។
ទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri ស្ថិតក្រោមភ្នំមួយ នៅភាគខាងជើងប្រទេសកូរ៉េខាងជើង ត្រូវបានគេស្គាល់ថា ជាកន្លែងដែលធ្លាប់បានរៀបចំការធ្វើតេស្តនុយក្លេអ៊ែរលើកទី៦ របស់ទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញាឆ្នាំមុនកន្លងទៅ។
នៅដើមខែនេះ កូរ៉េខាងជើង បានប្រកាសថា រដ្ឋាភិបាលខ្លួបនឹងបិទទីតាំងសាកល្បង នៅផ្លូវរូងក្រោមដីមួយនេះ ចន្លោះថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ ខែឧសភាខាងមុខ ដោយបានអញ្ជើញអ្នកព័ត៌មានបរទេស មកត្រួតពិនិត្យមើលការរំសាយនោះផងដែរ។
ការប្រកាសនេះ បានកើតឡើងនៅពេលមានការជំរុញផ្នែកការទូត ចំពោះក្រុងព្យុងយ៉ាងឲ្យបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន មុននឹងកិច្ចប្រជុំកំពូល មិនធ្លាប់មានពីមុនមួយ រវាងលោក គីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ១២ ខែមិថុនា នៅប្រទេសសិង្ហបុរីនាពេលខាងមុខ។
យ៉ាងណាមិញភាគីទាំងពីរនៅពេលនេះ បានធ្វើឲ្យមានការសង្ស័យថា តើការប្រជុំនេះ នឹងប្រព្រឹត្តទៅឬយ៉ាងណា៕
មតិយោបល់