ថៃៈ យោងតាមសារព័ត៌មាន បាំងកកប៉ុស្តិ៍ដែលចុះផ្សាយនៅក្នុងថ្ងៃនេះ បានឲ្យដឹងថាទឹកជំនន់នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភបំផុតមួយ ហើយត្រូវរកវិធានការទប់ស្តាត់បន្ទាន់ ព្រោះភ្លៀងអាចនឹងធ្លាក់ចុះមកកាន់តែច្រើនឡើង នៅក្នុងរដូវកាលនេះ។
អ្នកធ្វើដំណើរជាច្រើននៅក្នុងទីក្រុងបាំងកក ត្រូវបានវាយប្រហារដោយទឹកជំនន់ ដែលបានជន់លិចផ្លូវជាច្រើនខ្សែរ និង ភាពជាប់ស្ទះនៅក្នុងការធ្វើចរាចរណ៍ កាលពីព្រឹកថ្ងៃអង្គារ អ្នកធ្វើដំណើរថ្មើរជើងជាច្រើននាក់ បានព្យាយាមដើរលុយក្នុងទឹក ខណៈប្រជាជនជាច្រើននាក់ផ្សេងទៀតមិនអាច ចាកចេញពីផ្ទះរបស់ខ្លួនទៅធ្វើការ នៅក្រោយពេលភ្លៀងធ្លាក់ខ្លាំង ដូចគេចាក់ទឹកកាលពីយប់ថ្ងៃច័ន្ទនោះ។
ចៅហ្វាយក្រុងបាំងកក លោក ស៊ុខុមបាន ផារីបាត្រា បាននិយាយថា៖ “យើងសូមអភ័យទោសចំពោះប្រជាជន ដែលទទួលរងផលប៉ះពាល់ពីទឹកជំនន់ ម្យ៉ាងវិញទៀត បញ្ហានេះ វាអាចនឹងកើតឡើងម្តងទៀត (នាពេលអនាគត) ព្រោះបាំងកកគឺជាទីក្រុង សម្បូរទឹក និងភ្លៀង” ។ លោកក៏បានបន្ថែមថា នឹងព្យាយាមឲ្យអស់ពីសត្ថភាព ដើម្បីធ្វើស្ថានភាពដ៏អាក្រក់មួយនេះ មានភាពប្រសើរឡើង ដោយជម្រុញឲ្យរាជរដ្ឋាភិបាល ធ្វើអន្តរាគមន៏។
លោកចៅហ្វាយក្រុងបានផ្ញើសារមួយនេះ ទៅដល់ប្រជាជនរបស់ខ្លួន ក្រោយពេល ផ្លូវជាច្រើននៅក្នុងទីក្រុងបាំងកក ភ្លៀមៗក្លាយទៅជាប្រឡាយអូរ ដោយសារតែភ្លៀងធ្លាក់ខ្លាំងកាលពី២៤ម៉ោងមុន។
កម្រិតកម្ពស់ទឹកឡើងដល់ ២០០មីលីម៉ែត្រ វាជាកម្រិតមួយខ្ពស់បំផុត នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ហើយបានបង្ខំឲ្យសាលារៀនយ៉ាងហើចណាស់៣កន្លែងត្រូវបិទទ្វារ ។
ទទ្ទឹមនឹងនេះដែរ លោក នាយករដ្ឋមន្ត្រីថៃ ប្រាយុធ ចាន់អូចា បានមានប្រសាសន៍ថា ប្រព័ន្ធលូរទូទាំងទីក្រុងបាំងកក ត្រូវធ្វើការរុសរើជួសជុលជាចម្បង បន្ទាប់ពីទឹកភ្លៀងបានបណ្តាលឲ្យមានចលាចលក្នុងការធ្វើចរាចរន៍ នៅក្នុងតំបន់ទាំង៣៦ នៅក្នុងទីក្រុងបាំងកក ។
យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតប្រទេសហូឡង់ ប្រចាំនៅប្រទេសថៃលោក ការិល ហាតុស (Karel Hartogh) បានសរសេរនៅលើហ្វេសប៊ុកលោកថា៖ “ភ្លៀងដ៏ច្រើនបណ្តាលឲ្យជនលិចទីក្រុងបាំងកក ពេញមួយយប់។ប្រជាជនចាប់ផ្តើមព្រួយបារម្ភម្តងទៀត នៅពេលដែលភ្លៀងតែងតែធ្លាក់មកទៀត នៅក្នុងរដូវកាលនេះ ”។
លោកបាននិយាយថា៖ “រដ្ឋាភិបាលបានបង្ហាញ ចំណាប់អារម្មណ៍ក្នុងការទទួលយកអត្ថប្រយោជន៍ នៃ ចំណេះដឹងរបស់យើង នៅក្នុងការគ្រប់គ្រងទឹក។ សង្ឃឹមថាគាត់ នឹងផ្តល់ឱកាសឱ្យយើង ផ្តល់សេវាកម្ម នៅក្នុងពេលនេះ។ លោកបានបន្ថែមថា ” នេះគឺជា ពេលវេលាសម្រាប់អ្នកជំនាញគ្រប់គ្រងទឹក របស់ប្រទេសហូឡង់ចួលរួមជួយហើយ” ៕
មតិយោបល់