កូរ៉េៈ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅធ្វើទស្សនកិច្ចនៅក្រុងព្យុងយ៉ាង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររបស់ពួកគេ ដោយលោក ត្រាំ ក៏បានយល់ព្រមទទួលយកការអញ្ជើញនេះផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ក្រុងព្យុងយ៉ាង នៅថ្ងៃពុធនេះ បានហៅការចាប់ផ្តើមនេះ ជាការផ្លាស់ប្តូរដ៏ល្អថ្មីមួយ នៅក្នុងសង្គ្រាមត្រជាក់ រវាងទំនាក់ទំនងរបស់មេដឹកនាំទាំងពីរ ដែលកន្លងមកធ្លាប់តែមានភាពរកាំរកួសនឹងគ្នា។
សម្រាប់ជំនួបមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារម្សិលមិញនេះ ត្រូវបានគេមើលឃើញថា មេដឹកនាំនៃលទ្ធិប្រជាធិបតេយ្យ ដ៏មានអំណាចបំផុតរបស់ពិភព បានចាប់ដៃស្វាគមន៍ជាមួយមេដឹកនាំជំនាន់ទី ៣នៃរបបផ្តាច់ការ ដែលមានឋានៈស្មើគ្នា នៅចំពោះមុខទង់ជាតិប្រទេសទាំងពីរ។
ដោយលោក គីម បានឯកភាពចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបកូរ៉េ ដែលជាការទាមទាររបស់ក្រុងវ៉ាស៊ីនតោន ជាថ្នូរនឹងការទទួលបានសម្បទានសេដ្ឋកិច្ច រួមទាំងការធានាសន្តិសុខជាអចិន្ត្រៃយ៍ នៅលើឧបទ្វីបកូរ៉េ ក៏ដូចជាបញ្ហាមួយចំនួនទៀត ពីសំណាក់អាមេរិកផងដែរ៕
មតិយោបល់