ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ ថាជំនួបត្រាំ-គីម ទំនងជាមិនទាន់អាចផ្លាស់ប្ដូរ បើទោះល្បែងសង្គ្រាម ត្រូវបានលុបចោលក៏ដោយ

អាមេរិក: មន្ទីរបញ្ចកោណ នៅតែបន្តធានា ចំពោះសម្ព័ន្ធមិត្ត នៅក្នុងការប្តេជ្ញាចិត្តរបស់ខ្លួន ទៅលើផ្នែកការពារសន្តិសុខ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលការធ្វើសមយុទ្ធយោធារបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។

ដោយមន្ទីរបានលើកទ្បើងថា ប្រទេសទាំងពីរ គួរតែទប់ស្កាត់ការបង្កជម្លោះរវាងគ្នាទៅវិញទៅមក ជាមួយការចាត់វិធានការតាមច្បាប់ និងស្ថាប័ន ដើម្បីជាការធានាដល់ផ្នែកសន្តិសុខរបស់ពួកគេ។

កាលពីថ្ងៃអង្គារ លោក ត្រាំ បានប្រកាសលុបចោលការធ្វើសមយុទ្ធ បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរី។

ការផ្លាស់ប្តូរនេះ ត្រូវបានគេមើលឃើញថា ជាសម្បទានផ្នែកសេដ្ឋកិច្ចដ៏ធំមួយ ទៅកាន់កូរ៉េខាងជើង ហើយក៏ទំនងជាអាមេរិក នឹងក្លាយជាសម្ព័ន្ធមិត្តនៅក្នុងតំបន់មួយ នោះផងដែរ។

ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានឲ្យដឹងទៀតថា លោក គីម បានយល់ព្រមទទួលយកការអញ្ជើញរបស់ប្រធានាធិបតី ត្រាំ ទៅកាន់អាមេរិក ហើយលោក គីម ក៏បានអញ្ជើញលោក ត្រាំ ឲ្យទៅធ្វើទស្សនកិច្ចនៅក្រុងព្យុងយ៉ាងវិញផងដែរ នៅពេលវេលាដ៏សមរម្យមួយ។

ទីភ្នាក់ងារ KCNA បានបន្ថែមថា ថ្នាក់ដឹកនាំកំពូលទាំងពីរនាក់ បានរីករាយនឹងការអញ្ជើញគ្នាទៅវិញទៅមកផងដែរ៕

មតិយោបល់