ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា ពួកឧទ្ទាមស៊ីរី ៧០ នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា នៅភាគខាងត្បូងប្រទេស

រុស្ស៊ី: ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃច័ន្ទនេះថា កងទ័ពស៊ីរីដែលគាំទ្រដោយកងទ័ពអាកាសរុស្ស៊ី បានវាយប្រហារចូលទៅក្នុងតំបន់កាត់បន្ថយភាពតានតឹងរបស់ពួកឧទ្ទាម ស្ថិតនៅភាគខាងត្បូងប្រទេសស៊ីរី ដោយបានសម្លាប់ពួកឧទ្ទាមប្រហែល ៧០ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងការវាយប្រហារនេះ បានបណ្ដាលឲ្យជនស៊ីវិលរាប់ពាន់នាក់ នាំគ្នារត់ភៀសខ្លួន ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែកទៅលើរបបដឹកនាំ ដោយពួកឧទ្ទាម ក្នុងខេត្ត Deraa ចាប់តាំងពីថ្ងៃអង្គារសប្ដាហ៍មុន។

ភាគច្រើននៃជនស៊ីវិលទាំងនោះ បានភៀសខ្លួនពីទីក្រុងតូច al-Herak និង Busra al-Harir ឆ្ពោះទៅភូមិក្បែរ តំបន់ក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាម ដែលមិនមានរងគ្រោះ ដោយការទម្លាក់គ្រាប់បែក នៅជិតព្រំដែនហ្ស៊កដានី។

សូមជំរាបថា ការវាយលុករបស់រដ្ឋាភិបាលស៊ីរី នាពេលថ្មីៗនេះ បានធ្វើឲ្យប្រាស់ចាកចេញពីកិច្ចព្រមព្រៀងអន្តរជាតិមួយ ដែលគាំទ្រដោយអាមេរិកផងដែរ៕

មតិយោបល់