តៃវ៉ាន់ លុបចោលជើងហោះហើរ និងបិទសាលារៀន ខណៈព្យុះទីហ្វុង Maria ជិតចូលមកដល់

តៃវ៉ាន់ៈ រដ្ឋាភិបាលក្រុងតៃប៉ិ បានបិទទ្វារសាលារៀន និងការិយាល័យ ព្រមទាំងបានលុបចោលជើងហោះហើរជាច្រើន ខណៈដែលព្យុះទីហ្វុង Maria កាន់ខិតចូលមកដល់ ហើយត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានការបាក់ដី និងទឹកជំនន់នៅលើកោះមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។

ការិយាល័យអាកាសធាតុកណ្តាល បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ព្យុះនេះទំនងជានឹងវាយប្រហារ នៅភាគខាងជើងកោះតៃវ៉ាន់ ចាប់ពីយប់ថ្ងៃអង្គារដល់ព្រឹកថ្ងៃពុធ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់រហូតដល់ ៥០០ មិល្លីម៉ែត្រ នៅក្នុងតំបន់មួយចំនួន។

អាជ្ញាធរកោះតៃវ៉ាន់ បានប្រកាសថា ការិយាល័យ និងសាលារៀនតាមទីក្រុងចំនួនប្រាំ នឹងត្រូវបិទទ្វារនារសៀលថ្ងៃអង្គារនេះ ដែលក្នុងនោះរួមបញ្ចូលទាំងតំបន់ Yilan ជាកន្លែងដែលមានរលកដ៏ធំៗ បានចាប់ផ្តើមវាយប្រហារនៅឆ្នេរសមុទ្រ។

តាមរូបភាពទូរទស្សន៍ក្នុងស្រុក បានបង្ហាញថា កសិករនៅ Yilan បានប្រញាប់ប្រញាល់ទៅប្រមូលផលច្រូតកាត់ពីស្រែរបស់ពួកគេ ដែលវាជាផលិតផលដ៏ល្បីបំផុតប្រចាំស្រុក មុននឹងព្យុះនេះខិតចូលមកដល់៕

មតិយោបល់