Post News Media ព័ត៌មានអន្តរជាតិ អាមេរិក ច្រាន...

អាមេរិក ច្រានចោលការអង្វររបស់សហភាពអឺរ៉ុប ចំពោះការលើកលែងទណ្ឌកម្មពីអ៊ីរ៉ង់

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានរិះគន់ការស្នើសុំកម្រិតខ្ពស់ពីសហភាពអឺរ៉ុប ដើម្បីផ្តល់ការលើកលែងដល់ក្រុមហ៊ុនអឺរ៉ុប ពីការដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងលិខិតមួយទៅកាន់បណ្ដាប្រទេសអ៊ឺរ៉ុប លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បាននិយាយថា អាមេរិក បានច្រានចោលការស្នើសុំនេះ ដោយអះអាងថា ខ្លួនចង់ដាក់សម្ពាធជាអតិបរិមាទៅលើអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា ការលើកលែងនឹងត្រូវធ្វើទ្បើង ក្នុងករណីប្រសិនបើអាមេរិក ទទួលបានអត្ថប្រយោជន៍ ពីសន្តិសុខជាតិខ្លួននោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ បានធ្វើឲ្យសហភាពអឺរ៉ុប សម្ដែងការព្រួយបារម្ភ ដោយបានបញ្ជាក់ថា ពាណិជ្ជកម្មដែលមានតម្លៃរាប់ពាន់ដុល្លារ អាចត្រូវប្រឈមនឹងគ្រោះថ្នាក់ ដោយសារការដាក់ទណ្ឌកម្មថ្មី របស់ក្រុងវ៉ាស៊ីនតោន។

លិខិតនោះ ត្រូវបានចុះហត្ថលេខាផងដែរ ដោយលោក Steven Mnuchin លេខាធិការរតនាគារ ជាមួយការរៀបរាប់ថា «យើងនឹងព្យាយាមផ្តល់នូវសម្ពាធហិរញ្ញវត្ថុ ដែលមិនធ្លាប់មានពីមុនមកទៅកាន់របបអ៊ីរ៉ង់»។

សូមជំរាបថា ការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងនេះ ត្រូវបានគេធ្វើឡើងកាលពីខែឧសភា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្ដរជាតិឆ្នាំ ២០១៥ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

Loading...