ព័ត៌មានអន្តរជាតិ

Update៖ លិចភូមិជាច្រើន ខណៈមនុស្សស្លាប់យ៉ាងតិច ២០ នាក់ បន្ទាប់ពីបាក់ទំនប់វារីអគ្គិសនី​នៅទ្បាវ

ទ្បាវៈ ក្រុមអ្នកជួយសង្គ្រោះ កំពុងប្រតិបត្តិការដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីទំនប់វារីអគ្គិសនីមួយ នៅប្រទេសឡាវបានបាក់រលំ កាលពីថ្ងៃច័ន្ទ ដោយទឹកជន់លិចភូមិជាច្រើន និងសម្លាប់មនុស្សយ៉ាងតិច ២០ នាក់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។

យ៉ាងហោចណាស់មនុស្ស ១០០នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនរហូតដល់ពេលនេះ ហើយរាប់ពាន់នាក់ទៀត បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។

អាជ្ញាធរនៅខេត្ត Attapeu បានប្រើឧទ្ធម្ភាគចក្រ និងទូក ដើម្បីព្យាយាមជម្លៀសអ្នកភូមិ ដែលនៅជាប់ក្នុងតំបន់រងផលប៉ះពាល់ ដោយសារជំនន់ជន់លិចភូមិរបស់ពួកគេ។

ទំនប់ដែលបានបាក់រលំនោះ គឺជាផ្នែកមួយនៃគម្រោងថាមពលវារីអគ្គិសនី Xe-Pian Xe-Namnoy ដែលភាគីពាក់ព័ន្ធក្នុងការសាងសង់ រួមមាន៖ ក្រុមហ៊ុនឡាវ ថៃ និងក្រុមហ៊ុនកូរ៉េខាងត្បូង។

មកទល់ពេលនេះ អាជ្ញាធរខេត្ត បានចេញការអំពាវនាវសុំជំនួយគ្រាអាសន្ន រួមមានសម្លៀកបំពាក់ ស្បៀង ទឹក ថ្នាំពេទ្យ លុយ និងវត្ថុចាំបាច់ផ្សេងទៀត មកពីបក្ស រដ្ឋាភិបាល សហគមន៍ធុរកិច្ច មន្ត្រី ប៉ូលិស និងកងកម្លាំងប្រដាប់អាវុធ រួមទាំងប្រជាជនទូទៅ៕

មតិយោបល់