ព័ត៌មានអន្តរជាតិ

ការភ័យខ្លាចពីទឹកជំនន់កាន់តែរីករាលដាល នៅមីយ៉ាន់ម៉ា ខណៈមនុស្ស ១៣០ ពាន់នាក់ ត្រូវបានជម្លៀសខ្លួនចេញ

មីយ៉ាន់ម៉ាៈ ការព្រួយបារម្ភថា ទំនប់ការពារទឹក អាចនឹងត្រូវបាក់រលំ ដោយសារភ្លៀងធ្លាក់នាពេលថ្មីៗ បានបង្កជាទឹកជំនន់ កាលពីថ្ងៃពុធ នៅភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ា ជាទីដែលមនុស្សជាង ១៣០,០០០ នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីមនុស្ស ១២ នាក់បានស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។

មកទល់ពេលនេះ តំបន់ដីដ៏ធំល្វឹងល្វើយ នៅតាមបណ្តាខេត្តចំនួន ៤ ស្ថិតនៅក្រោមទឹកភក់ ដោយក្រុមជួយសង្គ្រោះ កំពុងព្យាយាមទៅកាន់ភូមិ ដែលរងផលប៉ះពាល់ តាមទូកដើម្បីផ្តល់អាហារដល់ជនរងគ្រោះ ឬអ្នកដែលបានបដិសេធ ក្នុងការចាកចេញពីផ្ទះរបស់ពួកគេ។

នៅពីលើទីប្រជុំជន Madauk ក្នុងតំបន់ Bago ទឹកជំនន់តែប៉ុន្មានអ៊ីងទៀតប៉ុណ្ណោះ នឹងទ្បើងផុតពីមាត់គែមនៃទំនប់ការពារទឹក ដែលនៅទីនោះងាយនឹងទទួលរងគ្រោះបំផុត ខណៈអ្នកស្រុក កំពុងតែភ័យខ្លាចថា ភ្លៀងមូសុង អាចនឹងបង្កជាគ្រោះមហន្តរាយ។

មេដឹកនាំក្រុមជួយសង្គ្រោះលោក Hlaing Min Oo បានប្រាប់ភ្នាក់ងារ AFP ថា ប្រសិនបើទំនប់នេះ មិនអាចទប់ទល់នឹងទឹកជំនន់នេះបាន នោះភូមិជាច្រើនទៀត នឹងមានហានិភ័យខ្ពស់ ដោយលោកបានបញ្ជាក់ថា នៅពេលនេះ ក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះ កំពុងដឹកសម្ភារតាមទូក ក្នុងនោះរួមមានម្ហូបអាហារ សម្រាប់ជនរងគ្រោះ ដោយទឹកជំនន់ផងដែរ៕

មតិយោបល់