អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានព្រមានប្រឆាំងនឹងពិភពលោក ដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ នៅពេលទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន បានចូលជាធរមានលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ ដោយបានបង្កឲ្យមានការព្រួយបារម្ភ ក៏ដូចជាកំហឹង និងការប្រឆាំងយ៉ាងខ្លាំងនៅអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។
ការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយក្រុងតេអេរ៉ង់ របស់រដ្ឋបាលលោក ត្រាំ បានធ្វើឲ្យពួកវិនិយោគិនជាច្រើន ស្រឡាំងកាំង ហើយថែមទាំងបង្កឲ្យមានសកម្មភាពប្រកួតប្រជែងទៅលើក្រុមប្រដាប់អាវុធរបស់អ៊ីរ៉ង់ផងដែរ មុនពេលការដាក់ទណ្ឌកម្ម បានចូលជាធរមាន។
ការដាក់ទណ្ឌកម្ម ដែលបានដាក់ចេញថ្មី សម្រាប់ជុំទី១ របស់រដ្ឋាភិបាលអាមេរិក បានកំណត់គោលដៅទៅលើក្រដាសប្រាក់កម្ចី និងឧស្សាហកម្មសំខាន់ៗ ដូចជារថយន្ត និងកំរាលព្រំជាដើម តែទំនងជាមិនបង្កឲ្យមានភាពចលាចល ផ្នែកសេដ្ឋកិច្ចភ្លាមៗនោះទេ។
ដោយសារទីផ្សាររបស់អ៊ីរ៉ង់ ពិតជាមានសន្ទុះកើនឡើងខ្លាំងដល់ទៅ ២០ % ចាប់តាំងពីថ្ងៃអាទិត្យ បន្ទាប់ពីរដ្ឋាភិបាល បានបន្ធូរបន្ថយច្បាប់ប្តូររូបិយប័ណ្ណបរទេស ហើយបានអនុញ្ញាតឲ្យពុំមានការកំណត់លើការនាំចូលមាស និងរូបិយប័ណ្ណជាដើម។
ប៉ុន្តែការដាក់ទណ្ឌកម្មជុំទី ២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ នឹងផ្តោតសំខាន់លើវិស័យប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ ដែលអាចធ្វើឲ្យខូចខាតកាន់តែច្រើន បើទោះបីជាអតិថិជនសំខាន់ៗ មួយចំនួនដូចជាចិន ឥណ្ឌា និងតួកគី បានបដិសេធមិនកាត់បន្ថយការទិញរបស់ពួកគេ ពីអ៊ីរ៉ង់ក៏ដោយ៕

មតិយោបល់