អាមេរិកៈ លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន កាលពីថ្ងៃអង្គារ បាននិយាយថា កូរ៉េខាងជើងមិនបានចាត់វិធានការជាក់លាក់ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរទេ ទោះបីជាមានកិច្ចព្រមព្រៀងមួយ រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមិថុនាក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងបទសម្ភាសមួយ ជាមួយសារព័ត៌មាន Fox News លោក Bolton បានឲ្យដឹងថា លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក គ្រោងនឹងទៅប្រទេសកូរ៉េខាងជើងម្ដងទៀត ដើម្បីជួបប្រជុំ ជាមួយលោក គីម។
ដោយ Bolton បានបញ្ជាក់ថា៖ «អ្វីដែលយើងពិតជាត្រូវការនោះ គឺមិនមែនជាការនិយាយទៀតនោះទេ តែវាគឺជាការអនុវត្តរបស់កូរ៉េខាងជើង ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ»។
ក្នុងនោះលោកបានបន្ថែមថា អាមេរិកបានបំពេញតួនាទី ដ៏ល្អរបស់ខ្លួនរួចហើយ តាមរយៈកិច្ចប្រជុំកំពូលនៅសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ រវាងលោក ត្រាំ និងលោក គីម។
ខណៈរូបលោកបានអះអាងថា បញ្ហានៅពេលនេះ គឺថាកូរ៉េខាងជើង មិនបានអនុវត្តជំហាន ដែលយើងមានអារម្មណ៍ថា ពិតជាចាំបាច់ ដើម្បីធ្វើការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅទ្បើយទេ»៕
មតិយោបល់