អាមេរិកៈ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានព្រមានថា អាមេរិក នឹងឆ្លើយតបយ៉ាងខ្លាំងក្លា ក្នុងករណីប្រសិនបើកងកម្លាំងស្មោះត្រង់ នឹងប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានប្រើប្រាស់អាវុធគីមី ដើម្បីវាយដណ្ដើមយកខេត្ត Idlib មកគ្រប់គ្រងពីពួកឧទ្ទាមវិញនោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ ក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងយេរូសាឡឹម លោក John Bolton បាននិយាយថា «ឥឡូវនេះ យើងបានមើលឃើញពីផែនការ ដែលរបបស៊ីរី នឹងបន្តសកម្មភាពយោធាពួកគេ សម្រាប់ការវាយលុកនៅក្នុងខេត្ត Idlib» ។
ដោយលោកបានបន្ថែមថា «អាមេរិកពិតជាមានការព្រួយបារម្ភអំពីលទ្ធភាព ដែលលោក Assad អាចនឹងប្រើប្រាស់អាវុធគីមីសារជាថ្មីម្តងទៀត ហើយបើយ៉ាងដូច្នេះមែននោះ ក៏មិនមានអ្វីត្រូវភ័ន្តច្រឡំទៀតទ្បើយ ក្នុងករណីដែលរបបស៊ីរី ប្រើប្រាស់អាវុធគីមី យើងនឹងឆ្លើយតបយ៉ាងខ្លាំងក្លាទៅវិញ ដែលរឿងមួយនេះ ពួកគេគួរតែពិចារណាយូរមកហើយ»។
សូមជំរាបថា តំបន់ក្នុងខេត្ត Idlib ជាជម្រកសម្រាប់ជនស៊ីវិល និងពួកឧទ្ទាម ដែលបានផ្លាស់ទីលំនៅមកពីតំបន់ផ្សេងៗទៀតនៃប្រទេសស៊ីរី បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធ បានបើកការវាយប្រហារដ៏ខ្លាំងក្លា តាមអាកាស និងការបាញ់ផ្លោង នៅក្នុងខែនេះ ដែលវាអាចនិយាយបានថា ជាការវាយលុកទ្រង់ទ្រាយធំមួយរបស់រដ្ឋាភិបាល៕
មតិយោបល់