ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រកាសគ្រាអាសន្ន ខណៈព្យុះ Lane វាយប្រហារនៅរដ្ឋហាវ៉ៃ ជាមួយភ្លៀងធ្លាក់ និងទឹកជំនន់យ៉ាងខ្លាំង

អាមេរិកៈ ព្យុះ Hurricane Lane កាលពីថ្ងៃព្រហស្បតិ៍ បានបង្កឲ្យមានទឹកជន់លិចនៅហាវ៉ៃ បន្ទាប់ពីវាបានមកដល់រដ្ឋកោះមួយនេះ ហើយបានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពីភាពអាសន្ន ដោយសារការរអិលបាក់ដី និងទឹកជំនន់ បណ្តាលឲ្យមានការបិទផ្លូវ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។

ទីភ្នាក់ងារឧតុនិយមជាតិ បាននិយាយថា ព្យុះ Lane មានទីតាំងស្ថិតនៅចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រពីភាគខាងត្បូង នៃរដ្ឋហាវ៉ៃ ដែលវាជាព្យុះទី ៤ មានឥទ្ធិពលខ្យល់បក់ខ្លាំងបំផុត គឺ២០៩ គីឡូម៉ែត្រក្នុងមួយម៉ោង។

យោងតាមអាជ្ញាធរសហព័ន្ធ បានឲ្យដឹងថា កម្ពស់ទឹកភ្លៀងរហូតដល់ ៣០ សង់ទីម៉ែត្រ បានធ្លាក់ចុះរួចទៅហើយ ដោយមានទំហំ ៧៦ សង់ទីម៉ែត្រ ត្រូវបានរំពឹងថា នឹងកើតមាននៅក្នុងតំបន់រងគ្រោះ ក្នុងរយៈពេល ៤ ទៅ ៥ ថ្ងៃខាងមុខនេះ។

អនុប្រធានកាកបាទក្រហមអាមេរិក លោក Brad Kieserman បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានីវ៉ាស៊ីនតោនថា ការត្រៀមខ្លួនជាមុន គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យប្រាកដថា យើងអាចបំពេញនូវការទទួលខុសត្រូវរបស់យើង និងការធានារ៉ាប់រងលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់សម្រាប់ប្រជាពលរដ្ឋ៕

មតិយោបល់