ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងតាជីគីស្ថាន បដិសេធការវាយប្រហារដែនអាកាស នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ រដ្ឋាភិបាលរុស្ស៊ី និងតាជីគីស្ថាន បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេមិននៅពីក្រោយការវាយឆ្មក់ តាមអាកាសនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាននោះទេ ដោយការលើកទ្បើងនេះ បានកើតទ្បើងបន្ទាប់ពីមន្រ្តីអាហ្វហ្គានីស្ថាន ចោទប្រកាន់យន្តហោះចម្បាំងរុស្ស៊ី និងតាជីគីស្ថាន បានទម្លាក់គ្រាប់បែកលើទីតាំងជាច្រើន ក្នុងប្រទេសខ្លួន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

ប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្គានីស្ថាន ដែលដកស្រង់អ្នកនាំពាក្យខេត្ត Takhar លោក Mohammad Jawed Hejri បាននិយាយថា ការប៉ះទង្គិចគ្នាជាច្រើន បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ រវាងពួកអ្នកជួញដូរថ្នាំញៀន នៅអាហ្វហ្គានីស្ថាន និងឆ្មាំព្រំដែនតាជីគីស្ថាន។

ដោយលោក Hejri បានបន្ថែមថា យន្ដហោះចម្បាំងបរទេស បានធ្វើអន្តរាគមន៍នៅអំទ្បុងការប៉ះទង្គិចគ្នានោះ ប៉ុន្តែមិនអាចផ្ទៀងផ្ទាត់បានទេថា ពួកគេមកពីរុស្ស៊ី ឬតាជីគីស្ថាន។ ខណៈការលើកទ្បើងនេះ ត្រូវបានមន្ត្រីនៅប្រទេសតាជីគីស្ថាន និងរុស្ស៊ី បានបដិសេធការចូលរួម ចំពោះសកម្មភាពណាមួយរបស់ពួកគេផងដែរ។

ការប៉ះទង្គិចឆ្លងកាត់តំបន់ព្រំដែន គឺកម្រកើតមានណាស់ នៅតាមព្រំដែនអាហ្វហ្គានីស្ថាន ជាមួយតាជីគីស្ថាន បើប្រៀបធៀបទៅនឹងការប្រយុទ្ធគ្នា តាមព្រំដែនភាគខាងកើតរបស់ខ្លួន ជាមួយប្រទេសប៉ាគីស្ថាន។

ប្រភពដដែលបានបញ្ជាក់ថា ពួកតាលីបង់ ៨ នាក់ ត្រូវបានសម្លាប់ និង ៦ នាក់ទៀត បានរងរបួស នៅក្នុងការវាយប្រហារតាមអាកាស បន្ទាប់ពីការប៉ះទង្គិចគ្នាមួយ ដែលបណ្ដាលឲ្យកងឆ្មាំព្រំដែនតាជីគីស្ថាន ២នាក់ ត្រូវបានសម្លាប់៕

មតិយោបល់