កូរ៉េៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាចិត្តថា នឹងធ្វើឲ្យជំនួបកំពូលលើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្លាចជាដំណាក់កាលចុងក្រោយរវាងប្រទេសទាំងពីរ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីឲ្យក្រុងព្យុងយ៉ាង ធ្វើការប្តេជ្ញាចិត្ត ដ៏គួរឲ្យទុកចិត្តបាន សម្រាប់ការលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។
ដោយកិច្ចប្រជុំកំពូលរវាងអាមេរិក-កូរ៉េខាងជើងដំបូង ត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ បានបង្ហាញនូវអត្ថន័យជាប្រវត្តិសាស្ត្រ គ្រប់គ្រាន់អាចបញ្ជាក់ថា កិច្ចប្រជុំនោះ មិនមែនជាការខ្ជះខ្ជាយនោះទេ បើទោះបីជាវាមិនបានផ្តល់នូវការសន្យាគាំទ្រច្បាស់លាស់ អំពីការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ពីភាគីទាំងសងខាងក៏ដោយ។
ក្នុងនោះលោក ត្រាំ បាននិយាយថា ចំណងទាក់ទងដោយផ្ទាល់ រវាងលោក និងលោក គីម គឺបានកសាងឡើងតាមរយៈកិច្ចប្រជុំ និងការឆ្លើយឆ្លងគ្នា ចាប់តាំងពីពេលនោះមក ហើយនៅពេលនេះ ភាគីទាំងពីរកំពុងស្ថិតក្រោមសម្ពាធមួយ ដើម្បីធ្វើឲ្យកិច្ចប្រជុំរបស់ពួកគេ ចេញជាលទ្ធផលជាក់ស្តែង មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឆន្ទៈល្អ ចំពោះគ្នានោះទេ៕
មតិយោបល់