ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ សង្ឃឹមថា អឺរ៉ុបអាចជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អ៊ីរ៉ង់ៈ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃច័ន្ទនេះថា ក្រុងតេអេរ៉ង់ នៅតែសង្ឃឹមថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់ខ្លួន ជាមួយមហាអំណាចសំខាន់ៗ អាចបន្តរក្សាដដែល បើទោះបីជាមានការដកខ្លួនចេញពីរដ្ឋបាលអាមេរិកក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដោយលោក Bahram Qasemi បានប្រាប់សន្និសីទសារព័ត៌មានមួយ ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋថា មានភាពមិនច្បាស់លាស់មួយចំនួន ស្តីពីការអនុវត្តយន្តការសហភាពអឺរ៉ុប ក្នុងការការពារពាណិជ្ជកម្ម ជាមួយអ៊ីរ៉ង់ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់អាមេរិក … ប៉ុន្តែយើងនៅតែសង្ឃឹមថា បណ្ដាប្រទេសនៅអឺរ៉ុប អាចរក្សាកិច្ចព្រមព្រៀងមួយនេះបាន»។

ក្នុងនោះលោក បានបញ្ជាក់ថា បណ្ដាប្រទេសហត្ថលេខីផ្សេងទៀត នៅតែបន្តព្យាយាមជួយសង្គ្រោះកិច្ចព្រមព្រៀងមួយនេះ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកខ្លួនចេញ កាលពីខែឧសភា ដោយក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទ្បើងវិញ នូវរាល់ទណ្ឌកម្មទាំងអស់ ប្រឆាំងនឹងអ៊ីរ៉ង់ ផ្តោតសំខាន់លើវិស័យប្រេងឥន្ធនៈ និងការដឹកជញ្ជូនររបស់របបមួយនេះ៕

មតិយោបល់