ព័ត៌មានអន្តរជាតិ

Update៖ វាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងរថយន្តនៅទីក្រុងបាដាដ មនុស្សស្លាប់កើនទ្បើងដល់ ១២៦ នាក់

អ៊ឺរ៉ាក់ៈ ប្រភពពីក្រសួងមហាផ្ទៃ បានថ្លែងថា មនុស្សស្លាប់បានកើនទ្បើងរហូតដល់ ១២៦ ខណៈដែល ១៨៧ នាក់ទៀតរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងរថយន្ត នៅរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។

នេះគឺជាការវាយប្រហារបង្ហូរឈាមមួយ នៅឆ្នាំនេះក្នុងប្រទេស ដែលជាកន្លែងកងទ័ពកំពុងប្រយុទ្ធប្រឆាំង នឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

ការវាយប្រហារនេះ បានកើតឡើងនៅម៉ោងប្រហែល ១:០០យប់ (ម៉ោងក្នុងស្រុក) នៅពេលដែលអ្នកបំផ្ទុះ គ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះរថយន្តរបស់គាត់ នៅផ្លូវដែលមានមនុស្សច្រើន នៅភាគខាងត្បូងតំបន់ Karrada-Dakhil កណ្តាលរដ្ឋធានីបាដាដ ដែលបានសម្លាប់មនុស្សកើនឡើងដល់ ១២៦ នាក់ និង ១៨៧នាក់ផ្សេងទៀតរងរបួស។

អគារបីជាន់ត្រូវបានបំផ្លាញទាំងស្រុង នៅពេលដែលមនុស្សជាច្រើននាក់នៅក្នុងវា។ បើយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ។

ការផ្ទុះមានអនុភាពដុតឆេះមជ្ឈមណ្ឌលផ្សារទំនើប និងអគារបួនខ្នងនៅក្បែរនោះ អំទ្បុងពេលហាង និងតូបលក់ជាច្រើន ត្រូវបានភ្លើងឆេះ និងបំផ្លាញ រួមជាមួយរថយន្តរាប់សិបគ្រឿងរបស់ជនស៊ីវិល នៅកន្លែងកើតហេតុផងដែរ នេះបើតាមប្រភពបានបន្ថែមឲ្យដឹង។

មកទល់ពេលនេះ កម្មករ អ្នកពន្លត់អគ្គិភ័យ និងជនស៊ីវិលរាប់សិបនាក់ កំពុងប្រតិបត្តិការជួយសង្គ្រោះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ហើយសាកសពក្នុងកម្ទេចកម្ទី ដែលបានដុតឆេះកាលពីពេលល្ងាច៕

មតិយោបល់