មេបញ្ជាការអាមេរិក ផ្តល់អនុសាសន៍ឲ្យមានការអនុញ្ញាត រក្សាអាវុធដល់ក្រុមសកម្មប្រយុទ្ធឃើដនៅស៊ីរី

អាមេរិកៈ មន្ត្រីអាមេរិកចំនួន ៤ រូប បាននិយាយថា ក្រុមមេបញ្ជាការពួកគេ គ្រោងនឹងដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី ខណៈកំពុងស្នើឲ្យពួកសកម្មប្រយុទ្ធឃើដ ដែលប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាម ទទួលបានការអនុញ្ញាតនូវការរក្សាអាវុធ ដែលផ្គត់ផ្គង់ដោយអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។

មន្ត្រីបីរូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា អនុសាសន៍ទាំងនោះ គឺជាផ្នែកមួយនៃកិច្ចពិភាក្សាលើសេចក្តីព្រាងផែនការ ដោយយោធាអាមេរិក ប៉ុន្តែវាមិនទាន់ច្បាស់ទេថា អនុសាសន៍ទាំងនោះ មន្ទីរបញ្ចកោណ នឹងណែនាំវាដល់សេតវិមាន។

យ៉ាងណាមិញក្រុមមន្ត្រី បាននិយាយថា ការពិភាក្សានៅតែស្ថិតក្នុងដំណាក់កាលដំបូង នៅក្នុងមន្ទីរបញ្ចកោណ ហើយក៏គ្មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងនៅឡើយដែរ។ ផែនការនេះ នឹងត្រូវបានបង្ហាញទៅកាន់សេតវិមាន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើសេចក្តីសម្រេចចុងក្រោយ។

ពាក់ព័ន្ធនឹងផែនការនេះ មន្ទីរបញ្ចកោណ បាននិយាយថា វាអាចនឹងមិនសមរម្យ និងឆាប់ពេកហើយ ក្នុងការផ្តល់អនុសាសន៍អំពីអ្វីដែលនឹងកើតឡើង ជាមួយអាវុធទាំងនោះ៕

មតិយោបល់