ព័ត៌មានអន្តរជាតិ

បេសកជនកូរ៉េខាងជើង មកដល់អាមេរិកហើយ ដើម្បីរៀបចំកិច្ចពិភាក្សា ស្តីពីជំនួបកំពូលរវាង​លោក គីម និងលោក ត្រាំ

អាមេរិកៈ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា បេសកជនកំពូលកូរ៉េខាងជើងលោក Kim Yong-chol បានមកដល់ទីក្រុងវ៉ាស៊ីនតោនហើយ សម្រាប់ដំណើរទស្សនកិច្ចមួយ ក្នុងគោលបំណងដាក់មូលដ្ឋាន សម្រាប់ជំនួបកំពូលលើកទីពីរ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។

ទាំងភាគីអាមេរិក និងកូរ៉េខាងជើង មិនបានប្រកាសពីការប្រជុំណាមួយនោះទេ ប៉ុន្តែលោក Kim Yong-chol ត្រូវគេរំពឹងថា នឹងធ្វើកិច្ចចរចាស្ដីពីជំនួបកំពូលនេះ ជាមួយលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នៅឯសណ្ឋាគារមួយ ក្នុងរដ្ឋធានីអាមេរិក នាថ្ងៃសុក្រនេះ។

ពាក់ព័ន្ធនឹងកិច្ចចរចានេះ មន្រ្តីពីររូប បានប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press សុំមិនបញ្ចេញឈ្មោះ ដោយសារពួកគេ មិនត្រូវបានអនុញ្ញាតឲ្យពិភាក្សារឿងនេះ ជាសាធារណៈទ្បើយ៕

មតិយោបល់