កូរ៉េខាងត្បូង និងអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃពុធ ចំពេលមានភាពតានតឹងនឹងក្រុងប៉េកាំង ដោយស្របពេលជាមួយគ្នានេះដែរ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ក៏បានបញ្ជាឲ្យកងទ័ពរបស់លោក រៀបចំប្រុងជើងការឲ្យបានខ្ពស់ ដើម្បីប្រឆាំងនឹងកងកម្លាំងសត្រូវ។ នេះបើយោងតាមរយៈ សារព័ត៌មាន scmp ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។
ការធ្វើសមយុទ្ធនេះ តែងតែបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ហើយនៅឆ្នាំនេះ ពួកគេបានធ្វើវាទ្បើង បន្ទាប់ពីការធ្វើតេស្តមីស៊ីលឆ្លងទ្វីបថ្មីរបស់កូរ៉េខាងជើង និងរឿងឃាតកម្មសម្លាប់បងប្រុសម្ដាយទីទៃ របស់មេដឹកនាំកូរ៉េជើង គឺលោក គីម ជុងណាម នៅប្រទេសម៉ាឡេស៊ី។
អ្នកនាំពាក្យកងកម្លាំងប្រទេសទាំងពីរ បានឲ្យដឹងថា សមយុទ្ធលើនេះ គឺស្រដៀងគ្នាទៅនឹងឆ្នាំមុន ដែលគេធ្លាប់ស្គាល់ហើយថា ជាការចូលរួមធ្វើសមយុទ្ធប្រចាំឆ្នាំហៅថា « Key Resolve និង Foal Eagle» ។
សម្រាប់សមយុទ្ធឆ្នាំ២០១៦ នេះ កងទ័ពកូរ៉េខាងត្បូងមានចំនួន ៣០០.០០០ នាក់ និងអាមេរិកប្រមាណ ១៧.០០០ នាក់។
តាមការបញ្ជាក់ពីអ្នកនាំពាក្យដដែរ បានឲ្យដឹងថា ទាហានអាមេរិក ៣.៦០០ នាក់ ត្រូវបានដាក់ពង្រាយ សម្រាប់សមយុទ្ធ Foal Eagle ជាលើកដំបូងនៃការធ្វើសមយុទ្ធទាំងពីរ ដែលមានរយៈពេលជាងពីរខែ ប៉ុន្តែអ្នកនាំពាក្យរូបនេះ បានបដិសេធមិនផ្តល់តួលេខសរុបនោះទេ៕
មតិយោបល់