កូរ៉េៈ តាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា រថភ្លើងរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមកដល់ប្រទេសចិន មុនកិច្ចប្រជុំកំពូលលើកទីពីរ ជាមួយនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសវៀតណាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាបរបស់កូរ៉េខាងត្បូង និងសារព័ត៌មាន NK News បានឲ្យដឹងថា រថភ្លើងបានមកដល់ព្រំដែនទីក្រុង Dandong របស់ប្រទេសចិន នៅវេលាម៉ោង ៩ យប់ថ្ងៃសៅរ៍ ម៉ោងក្នុងស្រុក បើទោះបីមិនច្បាស់ថា តើលោក គីម នៅលើរថភ្លើងនោះឬយ៉ាងណា។
ដោយរថភ្លើង បានឆ្លងកាត់ចូលក្នុងប្រទេសចិន បន្ទាប់ពីការរំពឹងទុកស្ដីពីផែនការធ្វើដំណើរ របស់លោក គីម នៅតែរក្សាការសម្ងាត់ ខណៈដែលក្រុមមន្ត្រីរបស់មេដឹកនាំរូបនេះ បានប្រមូលផ្តុំគ្នា នៅទីក្រុងហាណូយ មុនពេលកិច្ចពិភាក្សា នឹងត្រូវធ្វើទ្បើងនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ខាងមុខ៕
មតិយោបល់