ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំងរុស្ស៊ី ទម្លាក់គ្រាប់បែកនៅស៊ីរី ផ្ដាច់ជីវិតមនុស្ស ២៥នាក់

ស៊ីរីៈ យ៉ាងហោចណាស់មនុស្ស ២៥ នាក់ត្រូវបានសម្លាប់ នៅក្នុងការទម្លាក់គ្រាប់បែកពីលើអាកាស ធ្វើឡើងដោយក្រុមអ្នកប្រយុទ្ធនៃយន្តហោះចម្បាំងរុស្ស៊ី នៅតំបន់ខេត្តអ៊ីដលីប ខណៈដែលសាលារៀន និងមជ្ឈមណ្ឌលវេជ្ជសាស្រ្តជាច្រើន បានដួលរលំ អំឡុងពេលការបន្តវាយលុកពីយោធាស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០១៩។

នៅភាគពាយព្យនៃប្រទេសស៊ីរី ដែលតំបន់ពួកឧទ្ទាមគ្រប់គ្រងដ៏រឹងមាំ ទោះបីជាមានកិច្ចព្រមព្រៀងផ្នែកខ្លះ នៃតំបន់ក៏ដោយ ប៉ុន្តែទីតាំងនោះ បានស្ថិតក្រោមការទម្លាក់គ្រាប់បែកដ៏ឃោឃៅ កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបង្កឱ្យមានការភ័យខ្លាច ចំពោះប្រជាជនប្រហែល ៣ លាននាក់។

យ៉ាងហោចណាស់មនុស្ស ១៣ នាក់ ត្រូវបានសម្លាប់ ក្នុងនោះរួមមានស្ត្រី និងកុមារ បន្ទាប់ពីយន្ដហោះចម្បាំង Sukhoi របស់រុស្ស៊ី បានទម្លាក់គ្រាប់បែកទៅលើភូមិ Jabala នៅក្នុងខេត្ត Idlib ភាគខាងលិច។

យោងតាមអ្នកជួយសង្គ្រោះម្នាក់ បាននិយាយថា យន្ដហោះរុស្ស៊ីក៏នៅពីក្រោយ ការវាយឆ្មក់ជាច្រើន ដែលបានវាយប្រហារនៅទីប្រជុំជន Khan Sheikhoun, Kafr Battikh និងភូមិជាច្រើនផ្សេងទៀត ដែលបណ្ដាលឲ្យជនស៊ីវិល ១២នាក់ បានស្លាប់បាត់បងជីវិតផងដែរ៕

មតិយោបល់