អាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអាទិត្យបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារសម្លាប់មន្ត្រីប៉ូលិសបីនាក់ និងបីនាក់ផ្សេងទៀតរងរបួស នៅទីក្រុង Baton Rouge សហរដ្ឋអាមរិក។ នេះបើយោងតាមរយៈសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។
លោក អូបាម៉ា បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” ជាលើកទីពីរ ក្នុងរយៈពេលពីរសប្តាហ៍ មន្រ្តីប៉ូលិស ដែលបានដាក់ជីវិតរបស់ពួកគេ ដើម្បីថែរក្សាសុខសុវត្ថិភាពរបស់យើងជារៀងរាល់ថ្ងៃ ក្នុងការបំពេញការងាររបស់ពួកគេ គឺត្រូវបានគេបានបាញ់សម្លាប់”។
លោក អូបាម៉ាថា ” ពួកយើងប្រហែលជាមិនដឹងទេ សម្រាប់គោលបំណងនៃការវាយប្រហារនេះ ប៉ុន្តែខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា គ្មានដំណោះស្រាយ សម្រាប់អំពើហឹង្សាណា ប្រឆាំងនឹងការអនុវត្តច្បាប់បានទេ “។
មន្ត្រីប៉ូលិសបីនាក់ ត្រូវបានសម្លាប់ និងអ្នកផ្សេងជាច្រើននាក់ទៀត បានរងរបួសកាលពីថ្ងៃអាទិត្យ ក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅទីក្រុង Baton Rouge រដ្ឋធានីនៃរដ្ឋ Louisiana របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថា នេះគឺជាហេតុការណ៍បាញ់ប្រហារធ្ងន់ធ្ងរលើកទីពីរ ដែលបានសម្លាប់លើមន្ត្រីប៉ូលិស នៅសហរដ្ឋអាមេរិកក្នុងរយៈពេលជាងពីរសប្តាហ៍ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់មន្ត្រីប៉ូលិសប្រាំនាក់ និងប្រាំពីរនាក់ផ្សេងទៀត រងរបួសនៅក្នុងទីក្រុង Dallas ភាគខាងជើងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក៕
មតិយោបល់