ចិនៈ ប្រភពពីអាជ្ញាធរមូលដ្ឋាន បាននិយាយកាលពីថ្ងៃអាទិត្យថា តួលេខអ្នកស្លាប់ ដោយសារព្យុះទីហ្វុងឈ្មោះ Lekima បានកើនឡើងដល់ ៣២ នាក់ហើយ នៅភាគខាងកើតប្រទេសចិន ខណៈដែលក្រុមជួយសង្គ្រោះ បានធ្វើការស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលកំពុងបាត់ខ្លួន បន្ទាប់ពីព្យុះនេះ បានបក់បោកយ៉ាងខ្លាំង ដោយបង្ខំឱ្យមានការជម្លៀសមនុស្សជាងមួយលាននាក់បន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។
ព្យុះដ៏ខ្លាំងនេះ បានមកដល់ទីក្រុង Wenling នៅព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន ជាមួយនឹងកម្លាំងខ្យល់បក់ ១៨៧ គីឡូម៉ែត្រក្នុងមួយម៉ោង និងរលកធំៗ មានកម្ពស់ជាច្រើនម៉ែត្រ បានបោកបក់លើឆ្នេរសមុទ្រ។
ទូរទស្សន៍ស៊ីស៊ីធីវី បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ១៨ នាក់ ត្រូវបានសម្លាប់នៅក្នុងការរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងក្រុង Wenzhou ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Shanghai។
ដោយទ្បែកសាកសពមនុស្សចំនួន ១៤ នាក់បន្ថែមទៀត ត្រូវបានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យ ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថា ជនរងគ្រោះទាំងនេះ ស្លាប់ដោយសារជួបឧប្បត្តិហេតុដូចគ្នាដែរឬទេ៕
មតិយោបល់