ស៊ីរីៈ កងកម្លាំងតួកគី បានចាប់ផ្តើមការវាយលុកលើដីមួយ ស្ថិតនៅភាគឦសានប្រទេសស៊ីរីអស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពីយន្តហោះចម្បាំង បានទម្លាក់គ្រាប់បែកចូលតំបន់ព្រំដែន ខណៈដែលកន្លងមកជាយូរ ក្រុងអង់ការ៉ា ធ្លាប់បានគំរាមវាយប្រហារលើទឹកដី ដែលកាន់កាប់ដោយពួកឃឺដ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃពុធក្រសួងការពារជាតិតួកគី បាននិយាយថា កងទ័ពខ្លួន បានឆ្លងកាត់ព្រំដែនប្រទេសស៊ីរី នៅភាគខាងកើតទន្លេ Euphrates ជាមួយនឹងកងកម្លាំងឧទ្ទាមស៊ីរី ដែលជាសម្ព័ន្ធមិត្ត។
ដោយប្រតិបត្តិការនេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់កាំភ្លើងធំ ខណៈដែលយោធាតួកគី បាននិយាយថា ខ្លួនបានវាយប្រហារទីតាំងភេរវករចំនួន ១៨១ កន្លែង។
ប្រភពពីអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឲ្យដឹងថា សមាជិក ១៦ នាក់នៃកងជីវពលរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃឺដ ត្រូវបានសម្លាប់នៅប៉ុន្មានម៉ោងដំបូងនៃការវាយលុកនេះផងដែរ៕
មតិយោបល់