ស៊ីរីៈ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានជំរុញពង្រឹងកម្លាំងយោធារបស់ខ្លួន ដើម្បីប្រឆាំងនឹងមូលដ្ឋានទ័ពឧទ្ទាមចុងក្រោយ នៅភាគពាយព្យរបស់ប្រទេស ជាមួយនឹងការវាយលុកដ៏ខ្លាំងក្លា ដែលបានបង្ខំមនុស្សរាប់សែននាក់ ចាកចេញពីផ្ទះរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
ទូរទស្សន៍រដ្ឋបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងដែលគាំទ្រដោយរុស្ស៊ី «បានរំដោះភូមិទាំងអស់ និងទីប្រជុំជនតូចៗ នៅភាគខាងលិចនៃទីក្រុងអាឡិបប៉ូ»។
ខណៈការគាំទ្រវាយលុកតាមអាកាស ពីសំណាក់កងទ័ពរុស្ស៊ី បានជំរុញឲ្យកងកម្លាំងប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានបន្តការវាយលុកទៅលើតំបន់ខេត្តអ៊ីដលីប និងតំបន់នានានៃក្រុងអាឡិបប៉ូ និងខេត្តឡាតាគា ចាប់តាំងពីខែធ្នូកន្លងមក។
ដោយការវាយលុកនេះ ក៏បានបង្អាក់ដល់កិច្ចសហប្រតិបត្តិការដ៏ផុយស្រួយ រវាងប្រទេសតួកគី និងរុស្ស៊ី ដែលជាភាគីប្រឆាំងនឹងជម្លោះម្ខាងៗផ្សេងគ្នា បន្ទាប់ពីពួកគេបានសហការគ្នា ឆ្ពោះទៅរកដំណោះស្រាយនយោបាយ ចំពោះសង្គ្រាមជិត ៩ ឆ្នាំ នៅក្នុងប្រទេសស៊ីរី៕
មតិយោបល់