ព័ត៌មានអន្តរជាតិ

មេធាវីលោកស្រី ផាក អំពាវនាវឲ្យទុកពេលបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ការសាកសួរទៅលើលោកស្រីប្រធានាធិបតី

សេអ៊ូលៈ មេធាវីរបស់លោកស្រីប្រធានាធិបតី ផាក គឿនហេ នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យទុកពេលវេលាបន្ថែមទៀត ដើម្បីត្រៀមចំពោះការសាកសួរដែលមិនធ្លាប់មានពីមុនមកទៅលើប្រធានាធិបតីដែលជាប្រមុខរដ្ឋ ដែលចោទប្រកាន់ទៅលើលោកស្រីថាបានពាក់ព័ន្ធនឹងរឿងពុករលួយ ពាក់ព័ន្ធមនុស្សជំនិតលោកស្រី។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា លោក Yoo Yeong-ha ដែលទើបតែត្រូវបានតែងតាំងជាតំណាងផ្នែកច្បាប់របស់លោកស្រី ផាក កាលពីថ្ងៃចន្ទនោះ គឺបានស្នើឲ្យព្រះរាជអាជ្ញាពន្យាពេលកំណត់ចំពោះការសាកសួរលោកស្រីប្រធានាធិបតីដោយផ្ទាល់ ខណៈដែលព្រះរាជអាជ្ញាគឺគ្រោងនឹងហៅលោកស្រីប្រធានាធិបតីមកសាកសួរនៅថ្ងៃពុធនេះ។

សូមជម្រាបផងដែរថា ការស្នើដើម្បីផ្អាកការសាកសួរប្រធានាធិបតីនេះ បានធ្វើឡើងក្នុងពេលដែលគណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិល បានអំពាវនាវឲ្យពន្លឿនការសាកសួរដោយផ្ទាល់ទៅលើលោកស្រីប្រធានាធិបតី ផាក គឿនហេ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដឹងរឿងពិតនៃឫសគល់រឿងអាស្រូវ ដែលបានទាញលោកស្រីឲ្យធ្លាក់ចូលក្នុងវិបត្តិនៃអាជីពនយោបាយរបស់គាត់៕

aen20161115002753315_03_i

មតិយោបល់