ព័ត៌មានសិល្បៈ និងកម្សាន្ត

Miss Global ម្ចាស់ផ្ទះបានត្រឹមTop11 ខណៈកញ្ញាឯកប្រេស៊ីល ដណ្ដើមបានមកុដនៅកម្ពុជា !

នៅទីបំផុតការប្រឡង Miss Global International 2017 ដែលបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា គឺកញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជាជាប់ត្រឹមចំណាត់ថ្នាក់១១នាក់ចុងក្រោយប៉ុណ្ណោះ ដោយចំណាត់ថ្នាក់នាងក៏បានឈានឡើងដោយសារតែការបោះឆ្នោតពីសំណាក់អ្នកប្រើប្រព័ន្ធសែលខាត ដែលត្រូវគេដឹងថាគឺមានប្រជាជនក្នុងស្រុកនោះផងដែរ។ នាងត្រូវបានគេប្រកាសថាបានតំណែងកិត្តិយសជាកញ្ញាឯករបស់ក្រុមហ៊ុនហ្គេនបឺត ខណៈដែលកញ្ញាឯកតំណាងប្រទេសប្រេស៊ីល បានក្លាយជាម្ចាស់មកុដជា Miss Global International 2017 ។

ការប្រកួតដែលបានធ្វើឡើងយ៉ាងកក្រើកនៅសាលមហោស្រពកោះពេជ្រនោះ មានបេក្ខនារីមកពីប្រទេសចំនួន៦០ ក្រោយពីមានការអវត្តមានបេក្ខនារីចំនួន៤ប្រទេសព្រោះតែសម្រេចចិត្តបោះបង់។ ការប្រកួតដែលបានធ្វើឡើងនេះ ក្នុងពេលជម្រុះយក២០នាក់ បេក្ខនារីកម្ពុជាត្រូវគេប្រកាសថាជាប់លេខរៀងទី២០ ហើយនាងបន្តមកដល់វគ្គ១១នាក់ទៀត ដោយសារតែអ្នកជាប់ចំនួន១០នាក់ គឺជាការជ្រើសរបស់គណកម្មការ ហើយមួយរូបទៀតគឺលេខរៀងទី១១ជាជ្រើសចេញពីការបោះឆ្នោត របស់ក្រុមហ៊ុនសែលខាត ដែលលេខរៀងទី១១នោះគឺបានមកកញ្ញាឯកកម្ពុជា។ កញ្ញាមកពីប្រទេសកុងហ្គោទទួលបានចំណាត់កញ្ញាឯកមិត្តភាព និង កញ្ញាឯកវៀតណាម ទទួលបានចំណាត់ថ្នាក់ថតរូបស្អាតជាដើម។ ដោយឡែកសម្រាប់តំណែងម្ចាស់មកុដ Miss Global 2017 នៅក្នុងឆ្នាំនេះគឺបានទៅកញ្ញាឯកមកពីប្រទេសប្រេស៊ីល ដោយកញ្ញាក្រៅពីមានភាពជឿជាក់ ក៏មានរូបសម្រស់ និងចំណេះដឹងដែលកម្មវិធីប្រកាសថាជាស្រ្តីដែលវៀងវៃគួរឲ្យកោតសរសើរផងដែរ ទើបទទួលបានចំណាត់ថ្នាក់ជាកញ្ញាឯក ក្នុងពេលដែល កញ្ញាឯកប៉ាហាម៉ាជាប់ចំណាត់ថ្នាក់លេខ២ កញ្ញាឯកកញ្ញាឯកអាឡឺម៉ង់ទទួលបានចំណាត់ថ្នាក់លេខ៣ កញ្ញាឯកមកពីកោះសូម៉ាលីទទួលបានចំណាត់ថ្នាក់លេខ៤ និងកញ្ញាឯកចិនបានចំណាត់ថ្នាក់លេខ៥។

ការប្រកួតនេះគឺជាមុខមាត់របស់កម្ពុជា បើទោះជាកញ្ញាឯកកម្ពុជាមិនទទួលបានចំណាត់ថ្នាក់ជាកិត្តិយសឲ្យបានពេញមុខក្នុងចំណោមកញ្ញាឯកជាច្រើនដែលបានតំណែងផ្សេងៗពីកម្មវិធីដូចជាតំណែងប្រជាប្រិយ ថតរូបស្អាត និងកញ្ញាមិត្តភាពជាដើមនោះ ដែលឡូយជាងការជ្រើសចំណាត់ថ្នាក់ដែលប្រគល់ឲ្យដោយម្ចាស់អ្នកឧបត្ថម្ភកម្មវិធី។

យ៉ាងណាមិញ កញ្ញាឯកកម្ពុជាធ្លាប់បានបង្ហាញអារម្មណ៍ហើយថាកញ្ញាមិនមានរំពឹងលើការទទួលពាននោះទេ ដោយសារតែកញ្ញាឯកមកពីប្រទេសផ្សេងសុទ្ធតែមានសមត្ថភាពខ្លាំង និងមានរូបសម្រស់លេចធ្លោ។

តើមើលសម្រស់កញ្ញាឯកៗដែលបានជាប់ចំណាត់ថ្នាក់ក្នុងព្រឹត្តិការណ៍ Miss Global International 2017 ដែលទើបជម្រើសបាននៅកម្ពុជា៖

មតិយោបល់