ព័ត៌មានសិល្បៈ និងកម្សាន្ត

មានវីដេអូ៖ អេនណា ចេញរកប្រាក់នៅអូស្រ្តាលី មកផ្គត់ផ្គង់កុមារក្រីក្រកម្ពុជា

យោងតាមការបញ្ជាក់មុនពេលចាកចេញទៅសម្ដែងនៅប្រទេសអូស្រ្តាលី កញ្ញា អេនណា បានអះអាងថាដំណើរចេញទៅច្រៀងរបស់នាងនៅក្នុងប្រទេសអូស្រ្តាលីលើកនេះ គឺមិនមែនចេញទៅច្រៀងដើម្បីមានបាននោះទេ ប៉ុន្តែគឺដើម្បីចេញទៅច្រៀងរ៉ៃអង្គាសថវិកាក្នុងបំណងជួយដល់ក្មេងៗកំព្រាអនាថាតាមមណ្ឌលកុមារកំព្រាដែលប្រឈមខ្វះខាតនៅកម្ពុជាតែប៉ុណ្ណោះ។ អ៉ីចឹងហើយទើបនាងទទូចឲ្យគាំទ្រការសម្ដែងរបស់នាងឲ្យបានច្រើន ដើម្បីឲ្យការសម្ដែងរបស់នាងមានអ្នកទិញសំបុត្រកកកុញ ហើយបានក្លាយជាប្រយោជន៍ដល់ក្មេងៗដែលមានតម្រូវការ។

កញ្ញា អេនណា បានអះអាងថានាងនឹងគ្រោងសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីយ៉ាងហោច៥លើក ដោយការសម្ដែងរបស់នាងគឺមានរយ:ពេល១ខែកន្លះទៅ២ខែ តែមិនទាន់ដឹងថាក្រៅពីការសម្ដែងធំៗទាំង៥លើក តើនឹងមានការសម្ដែងលក់សំបុត្រណាមួយទៀតទេ។ នេះជាលើកទី៣ ដែលនាងបានចេញសម្ដែងនៅក្នុងប្រទេសនេះ បន្ទាប់ពីការសម្ដែងកាលពី២លើកមុខទទួលបានជោគជ័យ ដោយទទួលបានថវិកាច្រើនគួរសមមកជួយដល់ក្មេងៗកំព្រានៅកម្ពុជាក្រោយពេលត្រលប់មកវិញ។

កញ្ញាថាការសម្ដែងលើកនេះ គឺជាគម្រោងរបស់អង្គការមួយផ្សេង តែស្ថិតក្នុងគម្រោងដើម្បីលក់សំបុត្រស្វែងរកប្រាក់ចំណេញជាប្រយោជន៍ដល់កុមារក្រីក្រនៅដីកំណើតដដែលទេ ដោយគ្រាន់តែមិនទាន់ដឹងថាតើគម្រោងលើកនេះនឹងមានផែនការជួយនៅក្នុងអង្គការណាមួយ។ នាងថាគម្រោងកន្លងមក គឺទាល់តែចុះពីការសម្ដែង ហើយមានការកត់សម្គាល់ថានៅសល់ថវិកាប៉ុន្មាន និងមានអង្គការណាមួយបានស្នើសុំ ទើបអាចកំណត់ថានឹងជួយអង្គការនោះ អ៉ីចឹងហើយទើបនាងប្រកាសប្រាប់ថាលុះត្រាតែការសម្ដែងរបស់នាងនៅក្នុងប្រទេសអីស្រ្តាលីបញ្ចប់នៅមួយខែកន្លះក្រោយ ឬ២ខែក្រោយ ទើបអាចដឹងថាទទួលបានលុយប៉ុន្មានហើយអាចទៅជួយអង្គការណាមួយ។

យ៉ាងណាមិញ នាងបារម្ភខ្លាចការច្រៀងរាំរបស់ខ្លួនទទួលបានអ្នកទិញសំបុត្រមិនពេញៗសាលតាមការគ្រោងទុក ដោយសារតែក្នុងអំឡុងបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំ ដ្បិតថាជាអំឡុងដែលសម្បូរនូវបងប្អូនខ្មែរចូលចិត្តសប្បាយ ក៏មានការសម្ដែងរបស់តារាចម្រៀងពីស្រុកខ្មែរច្រើនក្រុម ដែលនឹងធ្វើឲ្យបែកខ្ញែកការគាំទ្រ។ នាងថាបើការសម្ដែងរបស់ខ្លួនទទួលបានអ្នកទិញសំបុត្រមើលច្រើន គឺមិនខុសពីជួយឲ្យការរៀបចំរបស់អ្នកស្ពនស័រខ្លួនទទួលបានផលចំណេញច្រើន ដើម្បីជាប្រយោជន៍ដល់កូនខ្មែរក្រោយពេលត្រឡប់មកវិញនោះដែរ។ យ៉ាងណាមិញ កញ្ញាថា មិនមានគម្រោងបន្តការសម្ដែងនោះទេ បើទោះជាការច្រៀងរាំរបស់នាងជាគម្រោងត្រូវជួយស្វែងរកថវិកាជាប្រយោជន៍ដល់ក្មេងៗក្រីក្រនៅកម្ពុជា ដែលមានន័យថាបន្តការសម្ដែងកាន់តែយូរកាន់តែបានចំណូលដល់ក្មេងៗក្រីក្រច្រើន។ នាងថាមិនចេះស្នាក់នៅក្រៅប្រទេសយូរខែនោះទេ ទើបនាងសម្រេចចិត្តត្រឡប់មកវិញយ៉ាងយូរ២ខែក្រោយ ហើយគម្រោងនឹងធ្វើឲ្យមានការចាប់អារម្មណ៍លើអាជីពចម្រៀងក្រោយពីស្ងប់ស្ងាត់ការបញ្ចេញបទចម្រៀងប្រមាណជិត១ឆ្នាំនៅក្នុងផលិតកម្មM ដែលគ្មានសមត្ថភាព។

កញ្ញា អេនណា និយាយថា ខ្លួនបានត្រៀមបទចម្រៀងប្រភេទពីជំនាន់ដើម ជាពិសេសបទដែលអាចរាំរែកបាន ដើម្បីឲ្យបងប្អូនខ្មែរបានសប្បាយ ដោយនាងរំពឹងថានឹងមានបងប្អូនខ្មែររស់នៅប្រទេសអូស្រ្តាលីទិញសំបុត្រទស្សនាការសម្ដែងគ្រប់លើកហើយមានចំនួនពេញៗសាល ដែលអាចឲ្យការសម្ដែងរបស់នាងទទួលបានផលចំណេញដល់ក្មេងៗកំព្រានៅកម្ពុជា៕

មតិយោបល់