ព័ត៌មានសិល្បៈ និងកម្សាន្ត

បញ្ញា សិទ្ធិ តំណាងកម្ពុជា ចេញទៅចិនក្នុងព្រឹត្តិការណ៍ធំ

កាលពីព្រឹកម៉ោង៧ថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៧មុននេះបន្តិច តារាសម្ដែង ដែលត្រូវគេស្គាល់ថា ជាតារាចម្រៀងផង និងជាពិធីករនៅPNN ផង បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិនយ៉ាងមោទនភាព ក្នងនាមជាពិធីករតំណាងអោយប្រទេសកម្ពុជា ដើម្បីបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ការប្រគំតន្ត្រីទ្រង់ទ្រាយធំ ដែលនឹងរៀបចំនៅក្នុងប្រទេសចិន។ លោកនឹងបង្ហាញខ្លួនលើឆាកតន្ត្រី ដែលចម្រុះដោយថ្នាក់ដឹកនាំរបស់ខេត្តយ៉ាងឈូ ប្រទេសចិន និងតំណាងមន្ត្រីពីក្រសួងវប្បធម៍របស់កម្ពុជា នៅថ្ងៃទី១២ ធ្នូ ដែលការប្រគំជាលក្ខណៈតន្ត្រីទ្វេរភាគីនេះ ក៏មានការផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ចិននាយប់នោះផងដែរ។

លោកបញ្ញា សិទ្ធិ បានថ្លែងបញ្ជាក់មុនម៉ោងចេញដំណើរថា លោកនឹងគ្រងសំលៀកបំពាក់ជាលក្ខណៈប្រពៃណីបែបសំអាងការ ក្រោមការរៀបចំរបស់អ្នកជំនាញម្នាក់ ក្នុងពេលដែលលោកកាន់ក្បាលមេក្រូ ធ្វើជាពិធីករលើឆាកប្រគំតន្ត្រីនោះ ជាមួយនឹងតារាប្រទេសចិន។ លោកថាព្រឹត្តិការណ៍នោះ បានធ្វើការជ្រើសរើសពិធីករល្បីៗ នៅក្នុងប្រទេសកម្ពុជា សរុបចំនួន១៨រូប ប៉ុន្តែចុងក្រោយទាំងស្ថានទូតចិន និងក្រសួងវប្បធម៍កម្ពុជា បានជ្រើសរើសយកលោក ដែលសូម្បីតែលោកក៏រំភើប ក្រោយពេលដែលបានទទួលលិខិតអញ្ជើញជាផ្លូវការនោះដែរ។

លោកថាតំណាងកម្ពុជា មានតែក្រុមរបាំបុរាណទៅបង្ហាញសមត្ថភាពលើឆាកតន្ត្រីប៉ុណ្ណោះ ចំណែកក្រុមចម្រៀង គឺមានតែខាងប្រទេសចិន ដោយសារតែព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ តារាចិនតាមគម្រោងនឹងមានច្រើនទាំងផ្នែកយុវវ័យ និងបុរាណ។ នេះជាក៍វេទិកាទ្រង់ទ្រាយធំលើកទី១ ដែលលោកបានតំណាងប្រទេសកម្ពុជា នៅក្នុងប្រទេសចិន តែលោកថាប្រទេសចិន មិនមែនជាលើកដំបូងទេ ដែលលោកទៅដល់។

លោក បញ្ញា សិទ្ធិ បន្តថា លោកនឹងពាំនាំសំលៀកបំពាក់បុរាណខ្មែរ យកទៅបង្អួតប្រទេសចិននាយប់នោះ ដើម្បីបង្ហាញអោយឃើញពីអត្តសញ្ញាណជាតិ បើទោះជាកម្មវិធីធំដុំបែបនោះ លោកថា ការតុបតែងខ្លួនជារបៀបសំលៀកបំពាក់បុរាណ អាចមិនសូវអោយលោកមើលទៅឃើញសង្ហារ។ លោកគ្រោងត្រលប់មកពីប្រទេសចិនវិញ នៅថ្ងៃទី១៣ ធ្នូ ដោយសារតែនៅកម្ពុជា លោកក៏មានការមមាញឹក មិនអាចដំអក់ដំណើរកម្សាន្តជាលក្ខណៈឯកជន ដូចជាបន្តដើរលេងបន្ថែមថ្ងៃនៅទីនោះបាន៕

មតិយោបល់