ព័ត៌មានសិល្បៈ និងកម្សាន្ត

វង្ស ថាណាន់ ប្រកាសចូលផលិតកម្ម

ក្រោយពីបានបោះជំហាននៅក្នុងវិថីសិល្ប: ហើយទទួលបានស្នាដៃច្រើនឡើងដូចជាឡើងឆាក និងចេញបទចម្រៀង Original Song ជាហូរហែ ដោយមានទាំងការគាំទ្រ និងស្គាល់ច្រើនផង តារាចម្រៀងដែលត្រូវគេស្គាល់ថា ជាកូនកំព្រាឪពុកម្ដាយបោះបង់តាំងពីរតូច រហូតមិនស្គាល់ទាំងឆ្នាំកំណើតខ្លួននោះ បានប្រកាសជំហរថ្មីថា លោកចង់ជ្រកកោនផលិតកម្ម។ លោកថា ការផលិតបទចម្រៀងផ្ទាល់ខ្លួន គឺទោះជាបានទទួលជោគជ័យកម្រិតណា ក៏ចាញ់ប្រៀបតារាចម្រៀងដែលមានផលិតកម្មច្រៀងនោះដែរ ថ្វីដ្បិតថាការជ្រកនៅក្នុងផលិតកម្ម នឹងអាចប្រឈមរឿងផលិតកម្មមិនសូវទម្លាក់បទ ឬមិនសូវមានបទល្អ ដើម្បីដែលខ្លួនចង់បកស្រាយ។

ថ្លែងក្នុងជំនួបដោយផ្ទាល់ក្នុងព្រឹត្តិការណ៍សប្បុរសធម៌ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ របស់គ្រួសារតារាកម្ពុជា លោកវង្ស ថាណាន់ បានអះអាងថា បើធៀបនឹងរយ:ពេលមួយឆ្នាំមុន លោកបានក្លាយជាតារាចម្រៀង ដែលមានមហាជនកត់សម្គាល់ច្រើនហើយ ពិសេសចាប់តាំងពីលោក បានក្លាយជាសមាជិករបស់គ្រួសារតារាកម្ពុជា និងទើបបានលេចមុខជាបេក្ខជនរបស់កម្មវិធី Cambodian Idol ។ មកទល់ពេលនេះ លោកមានបទចម្រៀងកាន់តែច្រើន ដើម្បីវាយលុកទីផ្សារ បើទោះជាបទចម្រៀងទាំងនោះ មិនទាន់មានបទណាមួយផ្ទុះខ្លាំងនៅឡើយ។

លោកអះអាងថា ខ្លួនចង់ទទួលជ្រកនៅក្នុងផលិតកម្មណាមួយ ដែលចង់បានលោក ដោយលោកប្រកាសថា មិនចង់នៅជាតារាចម្រៀង ដែលគ្មានផលិតកម្មជារៀងរហូតនោះទេ ទើបលោកប្រឹងប្រែង។ លោកនិយាយថា «ខ្ញុំចង់មានផលិតកម្មណាស់ អត់ចង់នៅជាតារាចម្រៀងឯករាជ្យចឹងទេ ព្រោះតែការមានផលិតកម្ម យ៉ាងហោចណាស់ក៏មានតែមតិចដែរ»។ លោកបានអះអាងថា មិនខុសពីតារាចម្រៀងលោក ណាំ ប៊ុណ្ណារ័ត្ន នាអំឡុងពេលមុន តែលោកបញ្ជាក់ថា នៅក្នុងដំណាក់កាលមិនទាន់មានផលិតកម្ម អាចជ្រកនៅឡើយ គឺលោកនឹងបន្តផលិតបទចម្រៀង ជាពិសេសបន្ទាប់ពីការប្រលងក្នុងកម្មវិធី Cambodian Idol របស់លោកត្រូវបញ្ចប់។

លោកថាសប្បាយចិត្ត បន្ទាប់ពីបានក្លាយជាតារាចម្រៀងអាជីពម្នាក់ ដែលមានហាងច្រៀងប្រចាំ និងមានប៉ុស្ដិ៍ទូរទស្សន៍ឡើងច្រៀងជាហូរហែរ តាំងពីមុនដែលលោកចូលប្រលង នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកនៅហង្សមាស។ លោកថាមកទល់ពេលនេះ មានផលិតកម្មមួយចំនួន រួចហើយទាក់ទងឲ្យលោកកុងត្រា ប៉ុន្តែមកពីលោកមិនចង់ចូលជ្រក នៅក្នុងផលិតកម្មដែលគ្មានសកម្មភាពប្រកួតប្រជែងទីផ្សារចម្រៀង ហើយចង់អ៊ុតមើលផលិតកម្ម ដែលលោកមានសកម្មភាពបានច្រើនបន្តិច ទើបលោកនៅតែស្ថិតក្នុងនាមជាតារាចម្រៀងតែលតោលនៅឡើយ៕

មតិយោបល់