ការប្រឡងកម្មវិធីCambodian Idol ក្នុងវគ្គ Theater Round ក្នុងជុំទី២ កាលពីយប់ថ្ងៃទី២៦ មករា បេក្ខនារី ញឹម សួនសោភាទេពី ដែលត្រូវគេស្គាល់ថាជាដៃគូចម្រៀងក្នុងកម្មវិធីសប្បុរសធម៌ជាមួយនឹងបេក្ខជន វង្ស ថាណាន់ បានប្រឡងជាប់យ៉ាងរំភើយ ក្នុងពេលដែលដៃគូរបស់នាងមិនមានឱកាសបន្តទៅកាន់វគ្គបន្ទាប់។ នាងត្រូវគេឃើញច្រៀងបទបានកាន់តែល្អ ក្នុងពេលដែលដៃគូចម្រៀងរបស់នាងបានសាងកំហុស ភ្លេចប៉ារ៉ូល និង ខុសកាដង់ ដែលធ្វើអោយនាងដែលច្រៀងបានលេចធ្លោរម្នាក់ឯងក្នុងក្រុម។
ការប្រកាសអោយជាប់ទៅកាន់វគ្គបន្តរបស់បេក្ខនារីមួយនេះ បានធ្វើអោយមានការអបអរសាទរពីអ្នកគាំទ្រយ៉ាងខ្លាំង ដោយសារតែ សោភា ទេពី គឺជាបេក្ខនារីវ័យក្មេង ដែលត្រូវគេកត់សម្គាល់ថាទទួលបានប្រជាប្រិយភាពខ្លាំងក្លាតាំងពីការប្រឡងប្រជែងក្នុងដំណាក់កាលទី១ ហើយមានទឹកដមសំឡេងរស់រវើកមិនថាបទរាំ ឬបទរ៉េប។ នាងក៏ជាបេក្ខនារីមួយរូប ដែលត្រូវគេស្គាល់ថាមានជំនាញសិល្បៈចម្រុះក្នុងដៃផងដែរ ដោយសារតែនាងគឺនាងសិស្សផ្នែករបាំបុរាណ នៅសាលាវិចិត្រសិល្បៈ ប៉ុន្តែនាងក៏អាចច្រៀងបទពីជំនាន់ដើម បទសម័យ និងបទជាភាសាអង់គ្លេសបានល្អ។ នាងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ជាងគេ ជាមួយនឹងសមត្ថភាពដ៏កម្រចម្រុះគ្នានេះ អ៉ីចឹងហើយទើបឱកាសបានជាប់របស់នាងបានធ្វើអោយម្នាក់ៗមានការសាទរ ជាពិសេសក្នុងពេលកម្មវិធីត្រូវបានបន្តផ្ទាល់លើផេក គឺមានអ្នកគាំទ្រចំពោះការជាប់របស់នាងច្រើន។ នាងត្រូវបានប្រកាសថាបន្តទៅវគ្គGreen Miles ដែលមានបេក្ខជនបេក្ខនារី២៣នាក់ បន្តជម្រុះយក១២នាក់បន្តទៀតឆ្ពោះទៅកាន់វគ្គបន្ត។ មិនទាន់ដឹងថាវាសនារបស់នាងនឹងបានទៅកាន់វគ្គបន្ទាប់ដែលជាវគ្គសំខាន់ ឬយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលគេបានឃើញគឺនាងបានជាប់បន្តបន្ទាប់មកទល់ពេលនេះ ទើបកាន់តែធ្វើអោយនាងលេចធ្លោមិនធម្មតា សូម្បីតែកម្មវិធី Cambodian Idol ស្ថិតក្នុងការប្រកួតប្រជែងក្នុងដំណាក់កាលប្រកួតប្រជែងនៅឡើយ។
សោភា ទេពី គឺជាដៃគូរបស់បេក្ខជនវង្ស ថាណាន់ ដែលគេឧស្សាហ៍ឃើញអ្នកទាំងពីរបង្ហាញខ្លួនក្នុងកម្មវិធីសប្បុរសធម៌ ទើបឱកាសឈានឡើងរបស់នាង ក្នុងពេលម្នាក់ទៀតធ្លាក់ក្ឌុក គឺជារឿងដ៏គួរអោយសោកស្ដាយមួយ ព្រោះតែនាងត្រូវបាត់ដៃគូដែលចូលប្រឡងជាមួយគ្នា ប៉ុន្តែចុងក្រោយម្នាក់ត្រឡប់ទៅផ្ទះមុន។
នាងត្រូវបានអ្នកគាំទ្រ បន់ស្រន់អោយបន្តជាប់ក្នុងវគ្គលើកក្រោយទៀត ដើម្បីអោយនាងមានសំណាងបានទៅកាន់វគ្គ Live Show ដែលជាវគ្គកាន់តែលេចធ្លោសម្រាប់បេក្ខជនបេក្ខនារី។
យ៉ាងណាមិញអ្វីៗបានត្រឹមតែចាំអ៊ុតប៉ុណ្ណោះដោយសារតែក្នុងចំណោមអ្នកជាប់ទាំង២៣នាក់ក្នុងវគ្គ Theater Round ជុំទី២យប់មិញ ក៏មានបេក្ខជនបេក្ខនារីខ្លាំងៗមិនធម្មតា៕
មតិយោបល់