ព័ត៌មានជាតិ

សិស្សវិទ្យាល័យសន្ធម៉ុក រួមនិងបក្ខពួក ឆក់កាបូបភ្លាត់ស្នៀត ប៉ូលិសឃើញទាន់ ដេញចាប់បានទាំង២នាក់

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងល្បាត នគរបាលខណ្ឌចម្ការមនឃាត់ខ្លួន ក្រោយជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់កំពុងដើរតាមផ្លូវ តែមិនបានសម្រេចផ្អើលដល់សមត្ថកិច្ច ដេញតាមឃាត់បាន២នាក់តែម្តង ។

ហេតុការណ៍ឃាត់ខ្លួននេះនៅវេលាម៉ោង៦និង៣០យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៣០ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន ហើយសមត្ថកិច្ចឃាត់បាននៅផ្លូវ៤៤០។

ជនសង្ស័យទី១មានឈ្មោះ វុធ មករា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យសន្ធម៉ុក និងទី២ឈ្មោះ តុន ហាក់សក័សិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅខេត្តកំពង់ស្ពឺ។ ម៉ូតូធ្វើសកម្មភាពម៉ាក ហុងដារឌ្រីមសង់សេ១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-5553 ។

មុនពេលកើតហេតុនារីគ្រោះ បានដើរតាមផ្លូវ៤៣០ ខណ:កំពុងដើរ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរី២០១៨ ជិះមកក្បែររួចធ្វើសកម្មភាពឆក់កាបូបរបស់នារីរងគ្រោះ តែឆក់មិនបានសម្រេច
បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលខណ្ឌចម្ការមនល្បាតមកដល់ ជិះម៉ូតូដេញតាមពីក្រោយ ប្រកាស់តាមវិទ្យុទាក់ទង
រហូតមកដល់ផ្លូវ៤៤០ ជាកន្លែងអាជីវករលក់ដូរបន្លែ ចង្អៀតទៅមុខមិនរួច ក៏ត្រូវប្រជាពលរដ្ឋឃាត់បាន វាយឡើងបែកមុខមាត់ទើបនគរបាលទៅដល់ឃាត់ខ្លួនបានទាំង២នាក់យកមកប៉ុស្តិ៍ទួលទំពូង។

ខណ:មកដល់ប៉ុស្តិ៍ប្រជាពលរដ្ឋ នៅតែតាមស្វាគមន៍ជានិច្ច ទើបនគរបាលបានឌុបជនសង្ស័យយកមកកាន់អធិការនគរបាលខណ្ឌចម្ការមន ដើម្បីកសាងសុំណុំរឿង ចាត់ការទៅតាមនិតិវិធីច្បាប់។ ចំណែកនារីរងគ្រោះ ក៏មិនបានមកដាក់ពាក្យបណ្តឹងដែរ ព្រោះនាងមិនបានបាត់បង់អ្វីនោះឡើយ ៕

មតិយោបល់